ឯកឧត្តម សុខ លូ ចុះពិនិត្យការអន្តរាគមន៍បញ្ជូនទឹកសង្រោះស្រូវនៅស្រុករុក្ខគីរី និងស្រុកមោងឫស្សី
AKP បាត់ដំបង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកនៅទំនប់ដូនទ្រី អាងបាសាក់ ព្រមទាំង អាងទឹកនិងទំនប់ស្ទាក់ទឹកមួយចំនួននៅស្រុករុក្ខគីរី និងស្រុកមោងឫស្សី ដើម្បីខិតខំជួយសង្គោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ធានាបានទឹកប្រើប្រាស់ ហូបចុករបស់សត្វ ព្រមទាំងមនុស្សផងដែរ នៅរដូវប្រាំងខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តយកចិត្តទុកលើការងារគ្រប់គ្រង និងបែងចែកទឹកជូនបងប្អូនប្រជាកសិករប្រកបដោយសមធម៌ និងតម្លាភាព។
ក្រៅពីការបែងចែកទឹកសង្គោះស្រូវរបស់ប្រជាកសិករ ឯកឧត្តម បានណែនាំឱ្យរក្សាទឹកទុកសម្រាប់ត្រៀមបង្ការការខ្វះខាតទឹកនៅពេលខាងមុខ ដោយសារឆ្នាំនេះប្រទេសកម្ពុជាជួបប្រទះនូវបាតុភូតអែលនីញ៉ូដែលបណ្តាលឱ្យអាកាសធាតុក្តៅខ្លាំង និងខ្សត់ទឹកភ្លៀង ហើយខេត្តបាត់ដំបងក៏ទទួលរងនូវបាតុភូតនេះផងដែរ។

បើតាមលោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្នបរិមាណទឹកនៅក្នុងអាងស្តុកទុកទឹកទំនប់ដូនទ្រីនៅសល់ប្រមាណ៥០លានម៉ែត្រគូប ហើយមន្ទីរនឹងបន្តបែងចែកទឹកជូនបងប្អូនប្រជាកសិករប្រកបដោយសមធម៌ និងតម្លាភាពស្របតាមការណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។បរិមាណទឹកនៅទំនប់ដូនទ្រី មិនអាចបែងចែកបញ្ជូនទៅស្រោចស្រពផ្ទៃដីដំណាំស្រូវដ៏ច្រើនលើសលប់ និងនៅឆ្ងាយពីប្រភពទឹកឱ្យបានគ្រប់គ្រាន់នោះទេ ខណៈទឹកមួយផ្នែកត្រូវរក្សាទុកត្រៀមបង្ការការខ្វះខាតទឹកនៅពេលខាងមុខ។

យោងតាមការតាមដាន និងវិភាគស្ថានភាពអាកាសធាតុ ព្រមទាំងទិន្នន័យឧតុនិយមរបស់ក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានជូនដំណឹងដល់សាធារណជន និងអាជ្ញាធរពាក់ព័ន្ធឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ការវិវត្តនៃបាតុភូតអែលនីញ៉ូបានធ្វើឱ្យខ្យល់មូសុងនិរតីថយចុះ លក្ខណ:បែបនេះធ្វើឱ្យបរិមាណទឹកភ្លៀងនៅខេត្តបាត់ដំបង ថមថយមានកម្រិតទាបជាងកម្រិតមធ្យមច្រើនឆ្នាំអាចប្រឈមនឹងស្ថានភាពខ្វះទឹកនិងគ្រោះរាំងស្ងួតពីកម្រិតស្រាលទៅខ្លាំង ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





