ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជួបសំណេះសំណាលជាមួយក្រុមការងារយុវជននិងចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារ ចនាសម្ព័ន្ធផ្លូវលំក្នុងឃុំទ្រា
AKPកំពង់ធំថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២៦--លោក ផាង វី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រាតំណាងឯកឧត្តម ថោ ជេដ្ឋាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោងបានដឹកនាំក្រុមការងារជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយក្រុមយុវជនក្នុងឃុំទ្រាស្រុកស្ទោង ខេត្តកំពង់ធំកាលពីថ្ងៃទី ១៩ខែកក្កដាឆ្នាំ២០២៦នៅស្នាក់ការគណបក្សឃុំទ្រា។

លោកប្រធានក្រុមការងារ បានលើកឡើងពីតួនាទីនិងសារៈសំខាន់នៃកម្លាំងយុវជន ដែលជាសសរទ្រូងដ៏រឹងមាំ និងជាកម្លាំងចលករដ៏សកម្មក្នុងការចូលរួមបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន ដោយលោកបានសង្កត់ធ្ងន់លើការអនុវត្តយុទ្ធសាស្ត្រ «ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង» ដើម្បីធានាបាននូវប្រសិទ្ធភាពការងារខ្ពស់និងបានណែនាំដល់សមាជិកបក្ស និងយុវជនទាំងអស់ឱ្យបន្តពង្រឹងសាមគ្គីភាព និងចុះជិតស្និទ្ធជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលាដើម្បីក្តាប់បាននូវកង្វល់ និងដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា។
ទន្ទឹមនឹងនេះ លោកបានជំរុញឱ្យគ្រប់សមាជិកទាំងអស់ ត្រៀមលក្ខណៈសម្បត្តិឱ្យបានរឹងមាំ ដើម្បីឆ្ពោះទៅដណ្តើមជ័យជម្នះជូនគណបក្ស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ ខាងមុខ។

នៅថ្ងៃជាមួយគ្នានេះដែរលោកផាង វីប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រានិងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវលំ១ខ្សែប្រវែង១.៣០០ម៉ែត្រស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឆ្ពោះទៅកាន់វត្តទួលព្រះធាតុដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្ដី ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងសម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

បច្ចុប្បន្ន ការសាងសង់សម្រេចបានលទ្ធផលប្រមាណជាង ៩០% នៃគម្រោងទាំងមូល ហើយក្រុមការងារបានប្តេជ្ញាជំរុញឱ្យការសាងសង់នេះបញ្ចប់តាមផែនការដែលបានកំណត់ ដើម្បីឆាប់បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕
ដោយ៖ ស៊ុម វណ្ណា





