ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត
AKP កំពង់ស្ពឺ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបង្រៀនវគ្គបំប៉ននេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។
ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញមកសំណេះសំណាល និងផ្តល់កម្លាំងចិត្តផ្ទាល់ដល់ប្អូនៗសិស្សានុសិស្ស ដែលកំពុងក្រេបជញ្ជក់ចំណេះដឹងក្នុងវគ្គបំប៉នថ្នាក់ទី១២ និងលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តវគ្គបំប៉នថ្នាក់ទី១២ នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ចាន់ថ្នាល។


ពិធីសំណេះសំណាលថ្ងៃនេះ មិនត្រឹមតែស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកម្លាំងសាមគ្គីមហាសាលរបស់គ្រួសារ ស.ស.យ.ក. នៅទូទាំងប្រទេស ក្នុងការចូលរួមចំណែកយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកស្ទួយវិស័យអប់រំនៅកម្ពុជា។ ជាក់ស្តែង យុទ្ធនាការវគ្គបំប៉នសមត្ថភាពដ៏ធំធេងនេះកំពុងតែដំណើរការយ៉ាងផុសផុល ស្រុះគ្នា និងមានសន្ទុះខ្លាំងក្លាចាប់ពីថ្នាក់កណ្តាលរហូតដល់មូលដ្ឋាន គ្រប់រាជធានី-ខេត្ត ក្នុងគោលបំណងពង្រឹងសមត្ថភាពប្អូនៗសិស្សានុសិស្សឱ្យត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងបាក់ឌុប ដោយមានការចូលរួមដុតដៃដុតជើងពីសមាជិក សមាជិកា គណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្តរាប់ពាន់នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមគ្នារុញច្រាននាវាចំណេះដឹងរបស់យុវជនឱ្យដល់ត្រើយជោគជ័យ។


សូមជម្រាបជូនថា យុទ្ធនាការវគ្គបំប៉នសិស្សានុសិស្សថ្នាក់ទី១២ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ មកម៉្លេះ។ ឆ្លងកាត់អស់រយៈពេលជាង ១០ឆ្នាំនេះ សកម្មភាពនេះបានក្លាយជាវប្បធម៌លះបង់ដ៏មានតម្លៃ ឆ្លុះបញ្ចាំងពីចក្ខុវិស័យច្បាស់លាស់ ស្មារតីចាស់ទុំ និងការទទួលខុសត្រូវខ្ពស់បំផុតរបស់ ស.ស.យ.ក. ក្នុងការលើកកម្ពស់គុណភាពអប់រំ និងផ្តល់ឱកាសស្មើៗគ្នាសម្រាប់អនាគតយុវជនជើងខ្លាំងកម្ពុជាគ្រប់រូប៕

ដោយ៖ ម៉ែន ប៊ុនធីម





