ឯកឧត្តម កែ គឹមយ៉ាន៖ ភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា កើតចេញពីសាមគ្គីភាពផ្ទៃក្នុង និងការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់
AKPបន្ទាយមានជ័យថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៦– ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ និងយុវជនគណបក្ស ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់ថា កម្លាំងសាមគ្គីភាពផ្ទៃក្នុង និងការដាក់ចិត្តបម្រើប្រជាពលរដ្ឋ គឺជា "បេះដូង" នៃជោគជ័យ និងភាពរឹងមាំរបស់គណបក្ស។
ថ្លែងនៅក្នុងពិធីដែលរៀបចំឡើងនៅភោជនីយដ្ឋាន រស្មី ក្លាន់ សៀប ស្ថិតក្នុងភូមិត្រពាំថ្ម ឃុំប៉ោយចារ ឯកឧត្តម កែ គឹមយ៉ាន បានគូសបញ្ជាក់យ៉ាងមុតមាំថាគណបក្សប្រជាជនកម្ពុជាមិនមែនគ្រាន់តែជាស្ថាប័ននយោបាយមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាមហាគ្រួសារដ៏ធំធេងដែលរួមសុខរួមទុក្ខជាមួយប្រជាជន។ ដូច្នេះ មន្រ្តីបក្សគ្រប់ជាន់ថ្នាក់ ពិសេសយុវជនជំនាន់ក្រោយ ត្រូវតែរក្សាឱ្យបាននូវសីលធម៌ គុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។


ឯកឧត្តមបានបន្តថា ក្នុងបរិបទដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ភារកិច្ចរបស់មន្រ្តីបក្សនៅថ្នាក់ស្រុក ឃុំ និងភូមិ កាន់តែមានសារៈសំខាន់។ ឯកឧត្តមបានជំរុញឱ្យមន្រ្តីទាំងអស់ពង្រឹងសាមគ្គីភាពរក្សាឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ព្រោះនេះជាកត្តាគន្លឹះដែលធ្វើឱ្យគណបក្សទទួលបានជ័យជំនះគ្រប់អាណត្តិ។
ខិតខំចុះមូលដ្ឋាន ត្រូវមានវត្តមានជានិច្ចនៅក្បែរប្រជាពលរដ្ឋ ស្វែងយល់ពីបញ្ហា និងដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា។
ពង្រឹងយុវជនបន្តវេន យកចិត្តទុកដាក់បណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពយុវជនគណបក្សឱ្យមានចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សង្គមជាតិ។
ជាមួយនោះ ឯកឧត្តម កែ គឹមយ៉ាន បានសម្តែង ការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីគណបក្សស្រុកភ្នំស្រុកនាពេលកន្លងមក ដែលបានសហការគ្នាបានយ៉ាងល្អក្នុងការអនុវត្តគោលនយោបាយរបស់គណបក្ស។ ឯកឧត្តមបានជំរុញឱ្យមន្រ្តីបន្តរក្សាស្មារតីប្រុងប្រយ័ត្ន ចំពោះមុខការប៉ុនប៉ងណាមួយដែលចង់ធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព និងសន្តិភាព ដែលកម្ពុជាខិតខំកសាងបានយ៉ាងលំបាក។


ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើថាកម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពលនិងទស្សនៈវិស័យច្បាស់លាស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការបន្ត អនុវត្តមាគ៌ានយោបាយរបស់ សម្តេចតេជោហ៊ុន សែន អគ្គមគទេសដ៏ឆ្នើមនៃប្រជាជាតិកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា នៅតែសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រមាណ៤,២% ក្នុងឆមាសទី១ ឆ្នាំ២០២៦ និងការអភិវឌ្ឍគ្រប់វិស័យ។
បន្ថែមពីនេះឯកឧត្តម កែ គឹមយ៉ាន បានណែនាំដល់សមាជិក សមាជិកា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវការរពារដាច់ខាតសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ការពារជាតិ សាសនា ព្រះមហាក្សត្រ អធិបតេយ្យភាពជាតិ និងរាជរដ្ឋាភិបាលកម្ពុជា និងបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

កម្មវិធីសំណេះសំណាល ប្រកបដោយភាពស្និទ្ធស្នាល និងពោរពេញដោយទឹកចិត្តសាមគ្គីភាពនោះ មន្រ្តីគណបក្សមូលដ្ឋានបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តអនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្តម កែ គឹមយ៉ាន ដោយនឹងបន្តពង្រឹងកិច្ចការងារបក្សឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបាននូវការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងទទួលបានការគាំទ្រកាន់តែខ្លាំងក្លាថែមទៀត៕
ដោយ៖ ឈុន សារ៉ាត





