រដ្ឋបាលខេត្តសៀមរាប ដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៥
AKP សៀមរាប ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦--រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២៥នេះ បានរៀបចំដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៥ នៅតាមដងវិថីនានាក្នុងក្រុងសៀមរាបក្រោមវត្តមានអញ្ជើញចូលពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្តី្ររាជការ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមផងដែរ។
ពិធីដង្ហែក្បួននេះ គឺដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋរបស់អង្គភាពជ័យលាភីទាំង៥ ប្រចាំឆ្នាំ២០២៥ របស់ខេត្តសៀមរាប ក៏ដូចជាផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីការប្រកួតប្រជែងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។


សូមបញ្ជាក់ផងដែរថា៖ ដោយផ្អែកលើការអនុវត្តន៍តាមនីតិវិធីយ៉ាងម៉ត់ចត់ អង្គភាពផ្ដល់សេវាសាធារណៈរួមមានអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ចំនួន៥ ក្នុងខេត្តសៀមរាប ត្រូវបានគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ វាយតម្លៃថាជាអង្គភាព ទទួលបានជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៥ ព្រមជាមួយការទទួលស្គាល់ដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ជាមហាកិត្តិយស និងមោទនភាពយ៉ាងក្រៃលែងចំពោះខេត្តសៀមរាប និងសូមអបអរសាទរដល់ អនុវិទ្យាល័យ មិត្តភាព ខ្មែរ-ជប៉ុន ព្រះឥន្ទកោសា ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស- សូមអបអរសាទរដល់ មណ្ឌលសុខភាព គោកចក ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស- សូមអបអរសាទរដល់ មណ្ឌលសុខភាព ស្រែណូយ ទទួលបានជ័យលាភីលេខ៤ ទូទាំងប្រទេស- សូមអបអរសាទរដល់ សាលាបឋមសិក្សា ក្រវ៉ាន់ ទទួលបានជ័យលាភីលេខ៤ ទូទាំងប្រទេស- សូមអបអរសាទរដល់ អនុវិទ្យាល័យ អរញ្ញរង្សី ទទួលបានជ័យលាភីលេខ៩ ទូទាំងប្រទេស៕

ដោយ ឃុត សៅ





