ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដង្ហែទៀនព្រះវស្សាទៅកាន់វត្តចំនួន៨ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ
AKP កំពង់ឆ្នាំង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្ដមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាទៅកាន់វត្តចំនួន៨ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ កាលពិថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ពិធីនេះប្រព្រឹត្តទៅនៅវត្ត វិហារហ្លួង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក លោកស្រី មន្រ្តីរាជការ ព្រមទាំងប្រជាពុទ្ធបរិស័ទជាច្រើននាក់ផងដែរ។
ថ្លែងក្នុងឱកាសនោះឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹករបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ប្រគេន ជូនចំពោះព្រះសង្ឃ និងលោកយាយ លោកតានៅទូទាំងខេត្តកំពង់ឆ្នាំង។ បើគ្មានការដាក់ចេញនិងអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ សុខសន្តិភាព របស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត ទេនោះច្បាស់ណាស់ថា ប្រជាពលរដ្ឋនៅក្នុងខេត្ត មិនអាចគោរពព្រះពុទ្ធសាសនា និងជំនឿសាសនាដទៃនានាទៀតបានឡើយ។ តាំងតែពីដើមរហូតមកដល់បច្ចុប្បន្ន វត្តអារាមបានចូលរួមអភិវឌ្ឍសង្គមកម្ពុជាស្ទើរគ្រប់វិស័យ ដូច្នេះការនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគនាពេលនេះគឺជាការចូលរួមចំណែកមួយសម្រាប់ជួយសម្រួលផ្គត់ផ្គង់ទំនុកបម្រុងដល់ព្រះសង្ឃគង់ចាំព្រះវស្សា អស់រយៈពេលបីខែ។


ទន្ទឹមនឹងនេះដែរឯកឧត្តមបានបន្តថា ការចូលកាន់ព្រះវស្សាគឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។


ក្នុងបរិបទនេះឯកឧត្តមបានបញ្ជាក់ទៀថា សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល៣ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ និងនិមន្តទៅសម្ដែងធម៌ទេសនាជាដើម ដោយតាំងចិត្តត្រឡប់មកវិញក្នុងរយៈពេល៧ថ្ងៃ។ បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃ តាមលទ្ធភាព។

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងក្រុមការងារបាននាំយក ទេយ្យវត្ថុ ទៀនព្រះវស្សា និងថវិកាប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៨វត្ត ក្នុងវត្តនិមួយៗទទួលបានអង្ករ២០០គីឡូក្រាម , មី០៥កេស , ទឹកស៊ីអ៊ីវ០៤យួរ , ទឹកត្រី០៤យួរ, ទឹកបរិសុទ្ធ០៤កេស , ទឹកក្រូច០៤កេស ,
ទៀនវស្សា០១គូរ និងថវិកាមួយចំនួនផងដែរ៕
ដោយ៖ បៃ ស៊ីថុន





