អាជ្ញាធរខេត្តតាកែវ ចុះពិនិត្យផែនការកែលម្អផ្លូវក្រវាត់បឹងតាកែវ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ
AKP តាកែវ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ — ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែង ដើម្បីរៀបចំគម្រោងសាងសង់ផ្លូវក្រវាត់ជុំវិញបឹងតាកែវ ដែលមានប្រវែងសរុប ១៨គីឡូម៉ែត្រ ព្រមទាំងពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង។ ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅផ្លូវក្រវាត់បឹងតាកែវ ស្ថិតនៅសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ កាលពីព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងដំណើរចុះពិនិត្យផ្ទាល់ដល់ទីតាំងការដ្ឋាននេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការពិនិត្យយ៉ាងលម្អិតទៅលើការងារបច្ចេកទេសសាងសង់តួផ្លូវ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ជុំវិញបឹង ការរៀបចំចិញ្ចើមផ្លូវ សួនច្បារ ភ្លើងបំភ្លឺសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធានាឱ្យមានភាពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងជំរុញដល់មន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ ពិសេសក្រុមហ៊ុនទទួលការសាងសង់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតលើស្តង់ដារបច្ចេកទេស ធានាឱ្យបាននូវគុណភាពសំណង់រឹងមាំ ប្រើប្រាស់បានយូរអង្វែង និងមានសុវត្ថិភាពខ្ពស់ ហើយត្រូវពន្លឿនការអនុវត្តការងារឱ្យបានសកម្ម ដើម្បីបញ្ចប់គម្រោងទៅតាមផែនការដែលបានកំណត់ទុក ។

ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា គម្រោងផ្លូវក្រវាត់បឹងតាកែវនេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលមិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនភាពងាយស្រួលក្នុងការតភ្ជាប់ ទំនាក់ទំនងរវាងតំបន់នានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវសក្ដានុពលថ្មីៗសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការទាក់ ទាញការវិនិយោគទុនមកក្នុងខេត្តផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ឱ្យមានការយកចិត្តទុកដាក់លើការរៀបចំបរិស្ថានជុំវិញបឹងឱ្យមានសោភណភាព បរិស្ថានបៃតងស្អាត មានអនាម័យ និងបង្កើនទីធ្លាសាធារណៈឱ្យបានធំទូលាយ សម្រាប់ប្រជាពលរដ្ឋអាចមកហាត់ប្រាណ សម្រាកលំហែកាយ និងកម្សាន្ត៕
ដោយ៖ អ៊ុច សៀង





