វគ្គបណ្តុះបណ្តាលស្តីអំពីចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋមកាកបាទក្រហមកម្ពុជា និងផ្សព្វផ្សាយពីការប្រើប្រាស់ថង់ប្លាស្ទិក សុវត្ថិភាពចរាចរណ៍
AKP ព្រះវិហារ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦-- សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលស្តីអំពីចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋមកាកបាទក្រហមកម្ពុជា និងផ្សព្វផ្សាយពីការប្រើប្រាស់ថង់ប្លាស្ទិក សុវត្ថិភាពចរាចរណ៍ ជូនយុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យ ស្រអែម ចំនួន៥៦នាក់ ស្រី៥២នាក់ និងយុវជនទើបរើសថ្មីចំនួន ៥៤នាក់ ស្រី ៥២នាក់ ឋិតនៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមវត្តមានលោក ហែម ថុន ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជាំក្សាន្ត។


លោក ហែម ថុន បានលើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញ និងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះគោលបំណងគឺដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម។


ជាមួយគ្នានោះ លោកក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំរៀនសូត្រឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួន ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ ចូលរួមថែរក្សាអនាម័យ និងសម្អាតនៅសាលា និងតាមកន្លែងផ្សេងៗ ចៀសវាងការប្រើប្រាស់អំពើហិង្សា៕
ដោយ ទិត ស្រ៊





