ឯកឧត្តម កែវ រ៉េមី៖ តេក្វាន់ដូ ITF កម្ពុជាទៅប្រកួតជើងឯកអាស៊ី នៅម៉ុងហ្គោលី មានគោលដៅដណ្តើមជ័យជម្នះ និងការគោរពទង់ជាតិកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានលើកបង្ហាញពីគៅលដៅចម្បងនៃការបញ្ជូនប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជាទៅចូលរួមប្រកួតជើងឯកអាស៊ី លើកទី១១ ចាប់ពីថ្ងៃទី០៣-០៩ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី គឺដើម្បីដណ្តើមជ័យជម្នះជូនជាតិ និងការគោរពទង់ជាតិកម្ពុជា តាមរយៈពិធីបំពាក់មេដាយជ័យលាភី (មេដាយមាស)។
ការលើកបង្ហាញគោលដៅចម្បងប្រកបដោយភាពជឿជាក់យ៉ាងមុតមាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ ស្តីពីការត្រៀមចូលរួមប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី នៅម៉ុងហ្គោលី នាដើមខែសីហាខាងមុខនេះ។

ឯកឧត្តមប្រធានសហព័ន្ធបានគូសបញ្ជាក់បែបនេះថា៖ «យើងសង្ឃឹមថា កម្ពុជាទទួលបានជ័យជម្នះ ការគោពទង់ជាតិកម្ពុជា (ក្នុងទទួលមេដាយមាស) ឱ្យបរទេសទាំងអស់ក្នុងពិធីក្រោកឈរគោរពទង់ជាតិយើង ដែលនេះជាអ្វីដែលយើងចង់នាំមុខមាត់កិត្តិយសជាតិទៅលើឆាកអន្តរជាតិ។ នៅក្នុងការប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ី នាដើមខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី អ្វីដែលជាគោលដៅធំរបស់កម្ពុជា គឺទៅដើម្បីទទួលបានជ័យជម្នះឱ្យអន្តរជាតិទទួលស្គាល់ពីកម្ពុជា ការបង្ហូតទង់ជាតិ ការបន្លឺភ្លេងជាតិកម្ពុជា»។


ឯកឧត្តម កែវ រ៉េមី បានសង្កត់ធ្ងន់ទៀតថា៖ «អ្វីជាចំណុចសំខាន់មួយទៀត គឺក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី នៅប្រទេសម៉ុងហ្គោលី ឆ្នាំ២០២៦នេះ គឺកម្ពុជានឹងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះបន្តវេន នាឆ្នាំ២០២៨ខាងមុខ ដោយការធ្វើម្ចាស់ផ្ទះនេះពិតជាសំខាន់ណាស់ ដោយមិនត្រឹមតែការប្រកួតក្នុងកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំភ្ញៀវមកស្នាក់នៅ ហូបចុក និងចំណេញដល់ទេសចរណ៍ផងដែរ។ ការដេញថ្លៃធ្វើម្ចាស់ផ្ទះនេះ គឺមិនមានការដាក់លុយនោះទេ ប៉ុន្តែត្រូវលើកបង្ហាញពីសមត្ថភាព ការទទួលយកការត្រៀមខ្លួន ស្របពេលដែលប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ី និងសហព័ន្ធអន្តរជាតិបានទូរស័ព្ទមកខ្ញុំថាតើកម្ពុជាចង់ធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៨ឬទេ»។

ឯកឧត្តម កែវ រ៉េមី គូសបញ្ជាក់ថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជានឹងដាក់ស្នើធ្វើម្ចាស់ផ្ទះបន្តវេន សម្រាប់ឆ្នាំ២០២៨ ហើយកម្ពុជានឹងមានវីដេអូបង្ហាញជូនអន្តរជាតិ ហើយយើងសង្ឃឹមថា កម្ពុជានឹងទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ី ឆ្នាំ២០២៨។ ក្នុងនាមជាម្ចាស់ផ្ទះ ធ្វើយ៉ាងម៉េច កុំឱ្យហាលអាវ ត្រូវតែឡើងទៅវគ្គផ្តាច់ព្រ័ត្រ ហើយប្រសិនបើយើងដណ្តើមបានសិទ្ធិធ្វើម្ចាស់ផ្ទះ ២០២៨បានមែន នោះអត្តពលិកកម្ពុជាត្រូវតែប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្លាំងក្លាបំផុត ដើម្បីដណ្តើមបានមេដាយជូនជាតិ។

គួរបញ្ជាក់ថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាគ្រោងនឹងបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រួជំនួយ កីឡាករ កីឡាការិនីសរុប សរុប៤៧នាក់ ក្នុងនោះកីឡាករ កីឡាការិនី ៣២នាក់ ដោយត្រូវចំណាយលើថ្លៃសំបុត្រយន្តហោះ ក្រោមការរ៉ាប់រងរបស់សហព័ន្ធខ្លះ ឪពុកម្តាយអត្តពលិកខ្លះ និងមានការចូលរួមឧបត្ថម្ភគាំទ្រខ្លះពីធនាគារ វឌ្ឍនៈ ដែលជាស្មារតីរួមរួមគ្នាគាំទ្រដល់ដំណើបេសកកម្មប្រកួតជើងឯកអាស៊ីមួយនេះឱ្យទទួលបានជោគជ័យ៕ ដោយ ហេង ណាលីន





