កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Kassym-Jomart K. Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីកាហ្សាក់ស្ថាន បានសម្ដែងនូវក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា ដែលសម្បូរទៅដោយសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតី បានបង្ហាញពីបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ព្រមទាំងបានអញ្ជើញសម្ដេចធិបតី ទៅបំពេញទស្សនកិច្ច នៅប្រទេសកាហ្សាក់ស្ថាន ក្នុងពេលវេលាសមស្រប។
ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដោយឆ្នាំ២០២៦នេះ ជាខួបលើកទី៣២ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-កាហ្សាក់ស្ថាន។ សម្ដេចធិបតីបានសម្តែងការស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងស្តីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ ឯកសារទាំងនេះជាកាតាលីករដ៏សំខាន់ក្នុងការសម្របសម្រួលដល់ការធ្វើដំណើរ និងការជួបប្រជុំរវាងគណៈប្រតិភូផ្លូវការនៃប្រទេសទាំងពីរ ដើម្បីស្វែងរក និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត។
បន្ថែមលើនេះ, សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតីបានបន្តពិភាក្សាគ្នាអំពីគំនិតផ្តួចផ្តើម និងទិសដៅការងារបន្ត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល មានជាអាទិ៍៖ ពាណិជ្ជកម្ម, សន្តិសុខស្បៀង, សន្តិសុខថាមពល, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, ព័ត៌មានវិទ្យា, និងកសិកម្ម។ ជាមួយគ្នានោះដែរ, ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី រួមមាន៖ សន្និសីទស្តីពី អន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) និង សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ផងដែរ៕

ដោយ៖ គង់ សិរីរ័ត្ន





