ឯកឧត្តម គន់ គីម ពិនិត្យការអន្តរាគមន៍បញ្ជូនទឹកជួយសង្រ្គោះស្រូវក្នុងខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦–ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកកង្ហត ស្ថិតក្នុងស្រុកបាណន់ និងជួបសំណេះសំណាលជាមួយប្រជាកសិករជួបបញ្ហាខ្វះទឹកស្រោចស្រពស្រូវនៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធត្រូវពន្លឿនការបញ្ជូន និងបែងចែកទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សាដែលកំពុងជួបប្រទះនូវកង្វះខាតទឹក។ប្រជាកសិករនៅផ្នែកខាងលើដែលទទួលបានទឹកស្រោចស្រពខ្លះហើយសូមមានការយោគយល់កុំដណ្ដើមយកទឹកដើម្បីឱ្យទឹកបានធ្លាក់ដល់ផ្នែកខាងក្រោម។

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ឆ្នាំនេះមានកើតឡើងនូវបាតុភូតអែលនីញ៉ូ (El Niño) ដែលបណ្តាលឱ្យអាកាសធាតុក្តៅខ្លាំង និងខ្សត់ទឹកភ្លៀងស្ទើរតែទូទាំងព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តបាត់ដំបងបានជួបនូវបញ្ហាខ្វះទឹក ប៉ុន្តែជាភ័ព្វសំណាងបន្ទាប់ពីទទួលបានទឹកភ្លៀងនៅផ្នែកខាងលើនៃស្រុកសំឡូត មន្រ្តីជំនាញបានប្រមូលទឹក និងបញ្ជូនទឹកពីអាងទឹកពហុបំណងបាត់ដំបង(សេកសក) ទម្លាក់តាមសំណង់ស្ទាក់ទឹកកង្ហត សំណង់ស្ទាក់ទឹកសាលាតាអន និងអាងភាសនៅស្រុកឯកភ្នំដើម្បីធ្វើការគ្រប់គ្រងបែងចែកទឹកជូនដល់ប្រជាកសិករ។ ទឹកដែលមានទាំងអស់ត្រូវបានមន្រ្តីជំនាញបើកបង្ហូរអស់សក្ដានុពលដើម្បីបែងចែកបញ្ជូនទៅសង្រ្គោះស្រូវរបស់ប្រជាកសិករ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា អាជ្ញាធរខេត្ត ក្រសួងធនធានទឹកនិង ឧតុនិយម និងមន្ទីរជំនាញពាក់ព័ន្ធ បាននិងកំពុងខិតខំអន្តរាគមន៍បែងចែក និងបញ្ជូនទឹកទៅសង្រ្គោះស្រូវនៅតាមតំបន់ដែលអាចជួយសង្រ្គោះបានក្រោមស្មារតីទទួលខុសត្រូវខ្ពស់។ បន្ទាប់ពីទទួលបានទឹកភ្លៀងពីស្រុកសំឡូត មន្ទីរធនធានទឹក និងឧតុនិយមខេត្តបានបញ្ជូនទឹកតាមដងស្ទឹងសង្កែទៅជួយសង្រ្គោះស្រូវនៅស្រុកឯកភ្នំប្រមាណ ៣ម៉ឺនហិកតា និងបន្តបញ្ជូនបែងចែកតាមសំណង់ស្ទាក់ទឹកកង្ហតទៅសង្រ្គោះស្រូវនៅស្រុកសង្កែ បាណន់ ក្រុងបាត់ដំបង គាស់ក្រឡ និងមោងឫស្សីប្រហាក់ប្រហែលជាង១០ម៉ឺនហិកតា។

ប្រជាកសិករ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ដែលបានយកចិត្តទុកដាក់ជួយអន្តរាគមន៍ដោះស្រាយបញ្ហាខ្វះទឹកស្រោចស្រពដំណាំស្រូវ។ សូមរំឭកថា កាលពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្រុកសំឡូត មានភ្លៀងធ្លាក់យ៉ាងខ្លាំងបានបង្កជាជំនន់រហ័សនៅផ្នែកខាងលើនៅស្រុកសំឡូត និងបណ្តាលឱ្យជន់លិចនៅផ្នែកខាងក្រោមក្នុងស្រុកឯកភ្នំ។ យ៉ាងណាមិញជំនន់រហ័សនេះ ក៏បានបង្កើតជាឱកាសដ៏ល្អក្នុងការប្រមូលទឹកដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងអាងទឹកសេកសក ហើយមន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃខេត្តបាត់ដំបងបានធ្វើការគ្រប់គ្រង និងបែងចែកទឹកបានល្អ ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





