រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៦ ផ្តោតសំខាន់លើការពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លី ប្រជាពលរដ្ឋ
AKP កណ្តាល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ប្រចាំខែកក្កដា ឆ្នាំ២០២៦ ផ្តោតសំខាន់លើការពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លី និងការដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ និងដាក់ចេញនូវទិសដៅអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយកិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីជំនាញជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងវិន័យការងារ បង្កើនស្មារតីទទួលខុសត្រូវ និងសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ និងធានាបាននូវការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវបន្តពន្លឿនការរៀបចំឯកសារ និងនីតិវិធីពាក់ព័ន្ធនឹងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ក្រោយពីការចុះបញ្ជីដីធ្លីបានបញ្ចប់ ត្រូវខិតខំជំរុញការចេញប័ណ្ណកម្មសិទ្ធិឱ្យបានឆាប់រហ័ស និងប្រគល់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ដើម្បីធានាសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លី ព្រមទាំងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការផ្តល់សេវារបស់រដ្ឋ។ អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាទំនាស់ដីធ្លីដែលនៅសេសសល់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ តម្លាភាព សមធម៌ និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយវិវាទ ដីធ្លីឱ្យនៅតិចតួចបំផុត។ បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យសាខាពន្ធដារខេត្ត សហការឱ្យកាន់តែជិតស្និទ្ធជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការពន្លឿនការស្កេន (Scan) និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធឱ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយពេលវេលានៃនីតិវិធីរដ្ឋបាល និងជំរុញការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម គួច ចំរើន ក៏បានអំពាវនាវឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ បម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ វិជ្ជាជីវៈ និងឆន្ទៈខ្ពស់ ដោយយកផលប្រយោជន៍របស់ប្រជាពលរដ្ឋជាចម្បង ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍខេត្តកណ្ដាលឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





