ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែតនៅចិន បង្ហាញនូវសារជាយុទ្ធសាស្ត្រសំខាន់ៗចំនួន៣
AKP កណ្ដាល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--ដំណើរបំពេញទស្សនកិច្ចការងាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចិន បានបិទបញ្ចប់ដោយទទួលបានលទ្ធផលផ្លែផ្កាជាច្រើនជូនជាតិមាតុភូមិ។ ក្រៅពីការអញ្ជើញចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបានជួបអ្នកវិនិយោគចិនប្រមាណជិត២០ក្រុមហ៊ុន ដែលសុទ្ធសឹងជាក្រុមហ៊ុនធំៗនិងមានបំណងមកបណ្ដាក់ទុនវិនិយោគនៅកម្ពជា។

ក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាវេលាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីលទ្ធផល នៃការអញ្ជើញបំពេញទស្សនកិច្ចការងាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅរដ្ឋធានីប៉េកាំង និងចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ដំណើរទស្សនកិច្ចនេះ គឺជាការទូតដ៏សកម្មដែលស្ដែងឡើងជាថ្មីឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្ដេចធិបតី។

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានថ្លែងបញ្ជាក់ថា «ជារួមដំណើរទស្សនកិច្ចការងាររបស់សម្ដេចធិបតី នៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល៣ថ្ងៃចុងក្រោយនេះ គេអាចទាញយកនូវសារយុទ្ធសាស្ត្រសំខាន់ៗចំនួន៣គឺ៖ សារទី១.គឺកម្ពុជា-ចិន ពង្រឹងទំនុកចិត្តនយោបាយក្នុងន័យថា ទស្សនកិច្ចនៅចិនលើកនេះរបស់សម្ដេចធិបតីជាឱកាសមួយវិសេសវិសាលដើម្បីឱ្យមេដឹកនាំកម្ពុជា-ចិន ប្ដេជ្ញាចិត្តជាថ្មីក្នុងការពង្រឹងទំនាក់ទំនងគ្នា។សារទី២. គឺកម្ពុជាចង់ឃើញបញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យាឈានមុខផ្សេងៗក្លាយទៅជាសសរស្ដម្ភថ្មី នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។ រីឯសារទី៣. គឺការទូតសេដ្ឋកិច្ចសកម្មឡើងជាលំដាប់របស់កម្ពុជាអនុវត្តជាក់ស្ដែងដោយសម្ដេចធិបតីផ្ទាល់ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងនៅទីបំផុតពង្រឹងសមត្ថភាព និងសន្តិសុខជាតិ»។
សូមរម្លឹកជូនថា តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ច ការងារនៅប្រទេសចិន ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នៅ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





