គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យព័ត៌មាន បន្តសកម្មភាពចុះសួរសុខទុក្ខ ផ្តល់ការគាំពារ និងនាំយកអំណោយជូននិវត្តជនក្រសួងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន)បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោក ភឿង ភឺន អតីតមន្ត្រីរាជការនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK) នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

សមាសភាពអមដំណើរលោកជំទាវប្រធានកិត្តិយសនាឱកាសនោះ រួមមាន ឯកឧត្តម ទន់ សារ៉ាត់ រដ្ឋលេខាធិការ និងជាសមាជិក អ.ន.ក វិស័យព័ត៌មាន, លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក វិស័យព័ត៌មាន ព្រមទាំងសមាជិក សមាជិកានៃលេខាធិការដ្ឋានជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ព្រមទាំងថ្នាក់ដឹកនាំក្រសួង ដែលជានិច្ចកាលតែងតែចងចាំ និងដឹងគុណចំពោះគុណបំណាច់របស់និវត្តជនទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ និងចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជានាពេលកន្លងមក។ ជាមួយគ្នានោះ ក្រុមការងារក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ជូនដល់លោក ភឿង ភឺន ផងដែរ។

ទន្ទឹមនឹងនេះ ក្រុមការងារក៏បានជូនដំណឹង និងណែនាំអំពីការចុះឈ្មោះជាសមាជិកសមាគមនិវត្តជន ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងដើម្បីងាយស្រួលក្នុងការទទួលបានការយកចិត្តទុកដាក់ និងគាំពារបន្ថែមទៀតនាពេលខាងមុខ។
សកម្មភាពមនុស្សធម៌នេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីវប្បធម៌ចែករំលែក និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចំពោះអតីតមន្ត្រីរាជការដែលបានលះបង់កម្លាំងកាយចិត្តបម្រើជាតិមាតុភូមិ៕
ដោយ៖ ទូច វលក័្ខណ (រូបថត៖លោក ខឹម សុវណ្ណារ៉ា)





