ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ប្រទេសបារាំងនៅកម្ពុជា AMH ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកលៀប
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ប្រទេសបារាំងនៅកម្ពុជា AMH ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តទៅនៅវត្តបុទុមគង្គារ (ហៅវត្តបាក់ខែង)។

ក្នុងឱកាសនេះឯកឧត្តមអគ្គលេខាធិការ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់អំពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ឯកឧត្តមបានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម រួមជាមួយនឹងការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះមូលដ្ឋានខណ្ឌ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលបន្ទុកសុខាភិបាលមួយផ្នែកជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តម ឡាយ សំកុល បាននាំយកនូវកញ្ចប់សម្ភារប្រើប្រាស់ រួមមាន ថ្នាំពេទ្យ និងសម្លៀកបំពាក់ដែលទទួលបានពី ឯកឧត្ដម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលបានមកពិនិត្យសុខភាពសរុបចំនួន១០០នាក់ និងបានប្រគល់រទេះរុញចំនួន២គ្រឿងជូនដល់ប្រជាពលរដ្ឋដែលមានពិការភាពផងដែរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





