នាយករដ្ឋមន្ត្រីស្តីទី៖ អង្គការ "Transform Cambodia" បានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះស្ថាបនិកអង្គការ "Transform Cambodia" ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ព្រមទាំងគូសបញ្ជាក់ថា កុមារគឺជាទំពាំងស្នងឫស្សីនិងជាធនធានមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឍអនាគតប្រទេសជាតិ។

ក្នុងពិធីខួប២០ឆ្នាំនៃអង្គការ Transform Cambodia នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលមហោស្រពកោះពេជ្រ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងតម្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច យើងត្រូវ ១.ធ្វើទំនើបកម្មកម្មវិធីអប់រំ ការកសាងប្រព័ន្ធអប់រំតាមបែបឌីជីថល ២.ការពង្រឹងស្តង់ដារអប់រំ និងការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ដែលជាកត្តាចាំបាច់ក្នុងការកសាងមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ៣.ភាពប្រកួតប្រជែងដោយសិក្សាបន្ថែមនូវការប្រើប្រាស់នូវបញ្ញាសិប្បនិមិត្ត ( AI ) ស្របតាមតម្រូវការនៃយុគសម័យបរិវត្តកម្មឌីជីថល៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





