រដ្ឋបាលខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការគ្រប់ គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥
AKP ឧត្តរមានជ័យ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ --នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ នាថ្ងៃព្រហស្បតិ៍ទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើភណ្ឌ និងលោក អ៊ុន សុភ័ក្រ អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញក្នុងកិច្ចប្រជុំពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំនិងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យ សម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥) ដោយមានការអញ្ជើញចូលរួមពីសំ ណាក់ លោក-លោកស្រីតំណាងមន្ទីរ-អង្គ ភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ ។

លោក អ៊ុន សុភ័ក្រ បានថ្លែងថា ការពង្រឹងយន្តការគ្រប់គ្រង ពិនិត្យ និងវាយតម្លៃលើបញ្ជីសារពើភណ្ឌទ្រព្យ សម្បត្តិរដ្ឋ ឱ្យមានភាពសុក្រឹត តម្លាភាព និងត្រឹមត្រូវតាមបច្ចេកទេស ជារបៀបរបបការងាររដ្ឋបាលដ៏សំខាន់ ក្នុងការថែរក្សា និងចាត់ចែងទ្រព្យសម្បត្តិ របស់រដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ ។

លោក សុខ ធី បានលើកឡើងថា ការពិនិត្យ បូកសរុប និងផ្ទៀងផ្ទាត់លើទិន្នន័យតារាងកើនឡើង និងថយចុះនៃទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥ របស់អង្គភាពនីមួយៗ ។

លោក ក៏បានដាក់ចេញនូវវិធានការណែនាំគតិយុត្តថ្មីៗ ដើមី្បពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុក ឱ្យបន្តរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋស្របតាមទម្រង់ស្តង់ដារបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានកាន់តែត្រឹមត្រូវ និងទាន់ពេលវេលា៕

ដោយ៖ ទិត ស្រ៊





