ជើងឯកប្រដាល់សកល និងគុនខ្មែររាជធានីភ្នំពេញជាការប្រកួត ផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនបច្ចេកទេស ក្នុងន័យមិត្តភាព សាមគ្គីភាព សុខភាព
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ តំណាងលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានអញ្ជើញបិទការប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរក្រោមអាយុ១៨ឆ្នាំ ជើងឯករាជធានីភ្នំពេញប្រចាំឆ្នាំ២០២៦ ខណៈព្រឹត្តិការណ៍នេះត្រូវបានលោកចាត់ទុកថាជាការប្រកួត ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងបង្កើននូវកម្រិតបច្ចេកទេស ក្នុងន័យ មិត្តភាព សាមគ្គីភាព និង សុខភាព។

នៅក្នុងឱកាសបិទការប្រកួតដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លោក អ៊ុក ចន្ថា លើកឡើងថា ក្នុងនាមមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ លោកបានកោតសរសើរដោយស្មោះចំពោះសហព័ន្ធកីឡាជាតិ គណៈកម្មការរៀបចំការប្រកួតគ្រប់ផ្នែក ដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អធ្វើឱ្យការប្រកួតប្រដាល់សកល និងប្រដាល់គុនខ្មែរ រហូតមករកឃើញម្ចាស់ជ័យលាភីលើគ្រប់វិញ្ញាសាទាំងអស់ជាមួយលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់។

លោកអនុប្រធានមន្ទីរអប់រំរាជធានីភ្នំពេញបានគូសបញ្ជាក់ទៀតថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានបង្ហាញឱ្យឃើញថា បណ្តាក្លឹបកីឡាប្រដាល់សកល និងប្រដាល់គុនខ្មែរទទួលបានលទ្ធផលល្អប្រសើរ លើកម្រិតបច្ចេកទេស វិន័យ សណ្តាប់ធ្នាប់ ដោយស្តែងចេញឱ្យឃើញនូវការខិតខំប្រឹងប្រែង ហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងការជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្តទាំងធនធាន សម្ភារ ថវិការបស់ប្រធានក្លឹបកីឡាទាំងអស់ ក្នុងការដឹកនាំក្រុមរបស់ខ្លួនចូលរួមប្រកួត ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្រឡាញ់ចូលចិត្តវិស័យកីឡាប្រដាល់សកល និងប្រដាល់គុនខ្មែរ ពិតប្រាកដ។

លោកបានបន្តថា កីឡាករ-កីឡាការិនីទាំងអស់ដឹងហើយថា ការប្រកួតកីឡាប្រដាល់ នាពេលនេះ គឺជាការប្រកួតមួយដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងបង្កើននូវកម្រិតបច្ចេកទេស ក្នុងន័យកសាងមិត្តភាព សាមគ្គីភាព និង សុខភាព ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ សុខភាពល្អ ជំនាញខ្ពស់ និងមានសីលធម៌ គុណធម៌ សំដៅធានាការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។
បន្ថែមពីលើនេះ លោក អ៊ុក ចន្ថា បានសំណូមពរដល់ប្រធានក្លឹបកីឡាប្រដាល់សកល និងគុនខ្មែរក្នុងរាជធានីភ្នំពេញមេត្តាបណ្តុះកីឡាករកីឡាការិនីបន្តវេន ដោយបន្តអប់រំផ្តោតសំខាន់លើចរិយាធម៌ គុណធម៌ សីលធម៌ និងបង្កលក្ខណៈងាយស្រួល ការឧបត្ថម្ភគាំទ្រ ទាំងសម្ភារ ថវិកា ដល់កីឡាករ កីឡាការិនី ដែលទទួលបានសិទ្ធផលល្អ នាពេលនេះ ក្នុងការបន្តការហ្វឹកហាត់បង្កើនកម្រិតបច្ចេកទេសបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរថ្នាក់ជាតិ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាជាតិ និងក្រសួងអប់រំ យុវជន និង កីឡានាពេលខាងមុខ។

គួរបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់សកល និងប្រដាល់គុនខ្មែរអាយុក្រោម១៨ឆ្នាំ ជើងឯករាជធានីភ្នំពេញ ២០២៦ ដំណើរការ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែកក្កដា ដោយមានសមាគមក្លឹបចូលរួមចំនួន៨ មានប្រតិភូ គ្រូបង្វឹក កីឡាករ ការិនីសរុប ១២០នាក់ ប្រកួតលើ១០វិញ្ញាសា ១០ប្រភេទ ទំងន់ ក្នុងនោះប្រដាល់សកល មាន៤ ប្រភេទទម្ងន់៕
ដោយ ហេង ណាលីន





