ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី ១ ឆ្នាំ ២០២៦ និង ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ ២០២៦ ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី ៤
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--ក្នុងគោលបំណងពិនិត្យរួមគ្នាលើវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ដែលក្រុមការងារសម្រេចបាន ព្រមទាំង ដោះស្រាយនូវបញ្ហាប្រឈម ឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាព, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៦ និង ផែនការគម្រោង FMIS ជំហានទី ៤ ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១៦ ខែ កក្កដា ឆ្នំា ២០២៦ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និង តំណាង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គាធិការដ្ឋាន, អគ្គនាយដ្ឋានសវនកម្មផ្ទៃក្នុង, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីកិច្ចសហការជិតស្និទ្ធពីសំណាក់អគ្គនាយកដ្ឋានគន្លឹះពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសមាជិកក្រុមការងារគ្រប់គ្រងគម្រោង FMIS តាមរយៈការចូលរួមជាធាតុចូល មតិយោបល់ និង ពេលវេលា ជាមួយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS រហូតឈានទៅសម្រេចបាននូវសមិទ្ធផល និង វឌ្ឍនភាពល្អប្រសើរ ព្រមទាំងទទួលស្គាល់ពីបណ្តាក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ អំពីសារៈសំខាន់ និង គុណតម្លៃនៃការអនុវត្ត FMIS ក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ជាពិសេស ការដាក់ឱ្យការអនុវត្តនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង។
តាមរយៈលទ្ធផលគិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៦, ក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន៩៦% ធៀបនឹងសូចនាករដែលបានដាក់ឱ្យអនុវត្ត ដែលក្នុងនោះវឌ្ឍនភាពគន្លឹះៗ រួមមាន៖ ការពង្រីកការដ្ឋានប្រើប្រាស់ថ្មីក្នុង FMIS, ការអភិវឌ្ឍមុខងារលទ្ធកម្មអេឡិចត្រូនិក (e-GP) និង ការធ្វើសន្ធានកម្មប្រព័ន្ធខាងក្រៅ, ការបណ្តុះបណ្តាល ការផ្សព្វផ្សាយ និង ការអនុវត្តគម្រោង អ៊ីនត្រាណិតតេជោ, ការអភិវឌ្ឍនូវរបាយការណ៍កើនឡើងដល់ចំនួន ៨១ របាយការណ៍ ដែលត្រូវបានប្រើប្រាស់ដោយបណ្តាអង្គភាពថវិកា នៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។ យោងតាមទិន្នន័យចំណូល-ចំណាយក្នុងពេលជាក់ស្តែង (Real-time Data), ប្រព័ន្ធ FMIS បានបង្ហាញនូវសក្តានុពលធំធេង ក្នុងការលុបបំបាត់វប្បធម៌ «ចង្អុលដាក់គ្នា» រវាងមន្ត្រី និងមន្ត្រី ឬរវាងអង្គភាព និងអង្គភាព តាមរយៈការធ្វើឱ្យមានតម្លាភាព គណនេយ្យភាព និង អាចតាមដានទិន្នន័យ និង ដំណាក់កាលនៃការអនុវត្តការងារ បានយ៉ាងច្បាស់លាស់ ។

នៅក្នុងកិច្ចប្រជុំនេះដែរ, តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបង្ហាញនូវចំណាប់អារម្មណ៍ និង វាយតម្លៃខ្ពស់ចំពោះអត្ថប្រយោជន៍របស់ FMIS ដែលបានជួយសម្រួលដល់ការអនុវត្តថវិកា និង ហិរញ្ញវត្ថុសាធារណៈ បានយ៉ាងល្អប្រសើរ ជាពិសេស បានគាំទ្រដល់ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា, ហើយអគ្គនាយកដ្ឋានពាក់ព័ន្ធ នឹងនៅតែបន្តផ្តល់កិច្ចសហការ ចូលរួម ជាមួយលេខាធិការដ្ឋានក្រុមការងារ FMIS លើកិច្ចការបន្តបន្ទាប់ទៀត ដើម្បឱ្យគម្រោង FMIS ដំណើរការបានដោយរលូន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានលើកឡើងបន្ថែមថា កន្លងមកក្រសួង-ស្ថាប័នមួយចំនួន នៅពុំទាន់មានការយល់ដឹងឱ្យបានទូលំទូលាយ អំពីសារៈសំខាន់ និង អត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងការគ្រប់គ្រងថវិកានៅឡើយ ។ ការណ៍នេះ ទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង និង ការបណ្តុះបណ្តាល ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ធ្វើការស្វែងយល់ និង អាចទាញយក “ឧត្តមប្រយោជន៍” ជាអតិបរមាពីការប្រើប្រាស់ប្រព័ន្ធ FMIS ។

ជាទីបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានផ្តល់អនុសាសន៍លើកទឹកចិត្ត និង ជំរុញឱ្យក្រុមការងារឱ្យបន្តធ្វើការងារនេះ ប្រកបដោយឆន្ទៈមោះមុត ជាពិសេស បន្តពង្រឹង និង ពង្រីកសមត្ថភាពរបស់ខ្លួន ដើម្បីដើរឱ្យទាន់បរិវត្តកម្មឌីជីថល ព្រមទាំងប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ និង សហការឱ្យបានល្អ ជាមួយភាគីពាក់ព័ន្ធ សំដៅចូលរួមបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និង លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍ និង ការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ FMIS ឱ្ឱ្យអស់សក្តានុពល៕
ដោយ ទូច វលក័្ខណ (ប្រភព:ក្រសួងសេដ្ឋកិច្ច)





