រដ្ឋមន្ត្រីស្ដីទីក្រសួងអប់រំណែនាំដល់សិស្ស និស្សិតឱ្យបន្តខិតខំរៀនសូត្រ និងពង្រឹងស្មារតីនៃការរៀនសូត្រពេញមួយជីវិត
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋមន្ត្រីស្ដីទីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់សិស្ស និស្សិតឱ្យបន្តខិតខំរៀនសូត្រ និងពង្រឹងស្មារតីនៃការរៀនសូត្រពេញមួយជីវិត ជាពិសេសការបង្កើនជំនាញបច្ចេកវិទ្យា ភាសាបរទេស និងសមត្ថភាពដោះស្រាយបញ្ហា ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍជាតិទៅជាប្រទេសដែលមានចំណូលខ្ពស់នាពេលអនាគត។

ការណែនាំរបស់លោកជំទាវបណ្ឌិត គឹម សេដ្ឋានី យ៉ាងដូច្នេះ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប (WEG) កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ធ្វើឡើងរវាងលោកជំទាវបណ្ឌិត ទេព កូឡាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងគោលបំណងដើម្បីបញ្ជាក់ជាផ្លូវការនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប (WEG) និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក្នុងការសហការគ្នាលើការទទួលស្គាល់ក្រេឌីតសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សា ការរៀបចំសិក្ខាសាលាសម្រាប់សិស្ស និស្សិត និងការផ្ដល់អាហារូបករណ៍ ដោយក្នុងឱកាសនេះ លោកជំទាវបណ្ឌិតរដ្ឋមន្ត្រីស្ដីទី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នទាំងពីរ និងបានគូសបញ្ជាក់ថាព្រឹត្តិការណ៍នេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យអប់រំ និងការធ្វើសមាហរណកម្មនៃប្រព័ន្ធអប់រំឯកជននៅកម្ពុជា ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់លើការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពចម្បង។

បន្ថែមពីនេះ លោកជំទាវបណ្ឌិត បានលើកទឹកចិត្តដល់គណៈគ្រប់គ្រង និងក្រុមការងារនៃស្ថាប័នទាំងពីរ ឱ្យបន្តធានាឱ្យបាននូវយន្តការតាមដាន វាយតម្លៃ និងអភិវឌ្ឍន៍រួមគ្នាជាប្រចាំ ដើម្បីឱ្យអនុស្សរណៈរយៈពេល២ឆ្នាំនេះក្លាយជាគំរូជោគជ័យសម្រាប់គ្រឹះស្ថានអប់រំដទៃទៀត៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





