គណៈកម្មាធិការខេត្តដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស នៅស្រុកកោះធំ និងក្រុងសំពៅពូន
AKP កណ្តាល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--គណៈកម្មាធិការខេត្តដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) បានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ព្រមទាំងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងយ៉ាងទូលំទូលាយដល់ស្រទាប់មហាជន ជាពិសេសយុវវ័យ សិស្សានុសិស្ស និងអាណាព្យាបាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល ។ មានប្រសាសន៍នាឱកាសនោះ លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អក្នុងការរៀបចំវេទិកានេះឡើង។ អំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាឧក្រិដ្ឋកម្មដ៏ឃោរឃៅដែលបំផ្លាញអនាគតកុមារ និងធនធានមនុស្សរបស់ជាតិ។ យើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់ឱ្យបានជាដាច់ខាត។ បញ្ហាប្រឈមនៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវស្វែងរកព័ត៌មានឱ្យបានច្បាស់លាស់ និងធ្វើចំណាកស្រុកតាមផ្លូវច្បាប់ ដើម្បីជៀសវាងការធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។

លោកស្រី អភិបាលរងខេត្ត ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដល់អាជ្ញាធរស្រុកកោះធំ និងក្រុងសំពៅពូន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសត្រូវបន្តចុះផ្សព្វផ្សាយច្បាប់ទាំងនេះឱ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងតាមសាលារៀន ដើម្បីធានាបាននូវសុវត្ថិភាព សុខុមាលភាពរបស់កុមារ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងមូល ស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះដែរ ក្នុងវេទិកានេះក៏មានការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពីមន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ និងកងកម្លាំងនគរបាលជំនាញ អំពី៖ល្បិចកល និងទម្រង់ផ្សេងៗនៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទដូចជា ទី១ វិធានការការពារកុមារ និងយុវជនពីការល្បួងលោម និងការរំលោភបំពានតាមរយៈបណ្តាញសង្គមផ្សេងៗ (ដូចជា Facebook, TikTok, Telegram ជាដើម) ទី២ ផលវិបាក និងគ្រោះថ្នាក់ដែលបង្កឡើងដោយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ទី៣ បណ្តាញ និងលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ (Hotline) សម្រាប់រាយការណ៍ និងស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច ។

គោលបំណងចម្បងនៃវេទិកាផ្សព្វផ្សាយនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយដល់មន្ត្រីមូលដ្ឋាន យុវជន និងប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស វិធីសាស្ត្រការពារខ្លួនពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមរយៈប្រព័ន្ធបច្ចេកវិទ្យា (អនឡាញ) ព្រមទាំងហានិភ័យខ្ពស់នៃការធ្វើចំណាកស្រុកដោយខុសច្បាប់ និងប្រថុយប្រថាន ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





