រដ្ឋបាលខេត្តកំពង់ធំជំរុញឱ្យមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ខិតខំយកចិត្តទុកដាក់ខ្ពស់លើរបាយការណ៍របស់ខ្លួន
AKPកំពង់ធំថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៦--លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលសាលាខេត្តកំពង់ធំបានជំរុញឱ្យមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់លើរបាយការណ៍របស់ខ្លួន។

លោកនាយករដ្ឋបាលបានលើកឡើងដូច្នេះក្នុងកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍និងបទបង្ហាញ បញ្ហាប្រឈម ដំណោះស្រាយនិងទិសដៅការងារប្រចាំឆមាសទី១ឆ្នាំ២០២៦របស់រដ្ឋបាលខេត្តកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៦នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ។
លោកម៉ាក់ ប៊ុនហុងបានបញ្ជាក់ថារបាយការណ៍របស់មន្ទីរសាម៉ីមានសារៈសំខាន់ ដោយឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីជំនាញទទួលបន្ទុកព្រមទាំងមានការឯកភាពពីប្រធានអង្គភាព ដោយជៀសវាងការបញ្ជូនមន្ត្រីដែលមិនបានដឹងពីកិច្ចការនេះដែលធ្វើឱ្យប៉ះពាល់ដល់ការបកស្រា យលើសកម្មភាពរបាយការណ៍របស់ខ្លួន។លោកបានបន្ថែមទៀតថាការប្រជុំនេះតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើការពិភាក្សាគ្នាយ៉ាងផុសផុលនឹងឆ្លើយតបទាន់ពេលវេលាព្រមទាំងធ្វើការផ្ទៀងផ្ទាត់យ៉ាងល្អិតល្អន់ប្រកបដោយសុចរិតភាពនិងទំនួលខុសត្រូវ។ លើសពីនេះទៅទៀតគ្រប់មន្ទីរអង្គភាពទាំងអស់ត្រូវតែយកចិត្តទុកដាក់ចំពោះកិច្ចការនេះដោយធ្វើការរំលេចនូវលទ្ធផលដែលសម្រេចបានដើម្បីបង្ហាញពីសកម្មភាពដែលបានធ្វើកន្លងមកឱ្យបានត្រឹមត្រូវនឹងរៀបចំផែនការសំរាប់ការអនុវត្តបន្តទៀត។

គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះមានសារៈសំខាន់ណាស់ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យតួលេខសកម្មភាពការងារ និងលទ្ធផលដែលសម្រេចបានក្នុងឆមាសទី១ សំរាប់ចងក្រងទុកជាឯកសារ និងជាសុចនាករក្នុងការវាស់វែងសំរាប់ឆមាសក្រោយព្រមទាំងវាយតម្លៃនូវវឌ្ឍនភាពប្រចាំមន្ទីរអង្គភាពរៀងៗខ្លួន។មិនតែប៉ុ ណ្ណោះមន្ទីរសាម៉ីទាំងអស់ត្រូវតែលើកឡើងនូវបញ្ហាប្រឈមនានាដែលបានអនុវត្តន៍កន្លងមកក្នុងឆមាសទី១ ដើម្បីស្វែងរកដំណោះស្រាយសមស្របនិងទាន់ពេលវេលា។លោកសង្ឃឹមនឹងជឿជាក់យ៉ាងមុតមាំលើមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់បន្តកិច្ចការនេះដោយរលូននិងទទួលខុសត្រូវខ្ពស់៕

ដោយ៖ ស៊ុម វណ្ណា





