កម្ពុជាចូលរួមវេទិកាទំនាក់ទំនងអន្តរជាតិយូណានលើកទី៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការព័ត៌មាន និងជំរុញការទូតព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦–តាមការអញ្ជើញរបស់ភាគីចិន គណៈប្រតិភូកម្ពុជាបានចូលរួម វេទិកាទំនាក់ទំនងអន្តរជាតិយូណានលើកទី៥ ដែលរៀបចំឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារInterContinental Xishuangbanna Resort តំបន់ស៊ីស័នប៉ាណា ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

វេទិកានេះបានប្រមូលផ្តុំតំណាងរដ្ឋាភិបាល ថ្នាក់ដឹកនាំស្ថាប័នព័ត៌មានអ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ អ្នកជំនាញបច្ចេកវិទ្យា និងតំណាងស្ថាប័នទំនាក់ទំនងអន្តរជាតិ ដើម្បីផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងគំនិតផ្តួចផ្តើមថ្មីៗ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានអន្តរជាតិ ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត។

ចំណុចសំខាន់មួយនៃវេទិកាគឺកិច្ចពិភាក្សាក្រោមប្រធានបទ «ទម្រង់ថ្មីនៃទំនាក់ទំនងអន្តរជាតិក្នុងយុគសម័យបញ្ញាឌីជីថល» ដែលបានផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាទូរគមនាគមន៍ និងវេទិកាឌីជីថល ដើម្បីបង្កើនគុណភាពនៃការផលិតខ្លឹមសារ ពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ និងបង្កើនការចូលរួមរបស់ទស្សនិកជនអន្តរជាតិ។ការចូលរួមរបស់កម្ពុជាក្នុងវេទិកានេះ ផ្តល់ឱកាសសម្រាប់ពង្រឹងទំនាក់ទំនងនិងភាពជាដៃគូជាមួយស្ថាប័នព័ត៌មានរបស់ចិន និងបណ្ដាប្រទេសក្នុងតំបន់ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍លើការផលិតខ្លឹមសារឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យព័ត៌មាន ការលើកកម្ពស់សមត្ថភាពមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភាន់។ ជាពិសេស ការចូលរួមនេះក៏ជាផ្នែកមួយនៃ ការជំរុញការទូតព័ត៌មានរបស់កម្ពុជា តាមរយៈការប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីផ្សព្វផ្សាយអត្តសញ្ញាណជាតិ វប្បធម៌បេតិកភណ្ឌ សក្តានុពលទេសចរណ៍ សមិទ្ធផលអភិវឌ្ឍន៍ និងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សាធារណមតិក្នុងតំបន់ និងអន្តរជាតិ ប្រកបដោយភាពត្រឹមត្រូវ វិជ្ជាជីវៈ និងភាពទាក់ទាញ។

តាមរយៈវេទិកានេះ កម្ពុជាក៏មានឱកាសពង្រីកបណ្ដាញសហប្រតិបត្តិការព័ត៌មាន បង្កើតខ្លឹមសាររួម ជំរុញការផ្លាស់ប្តូរអ្នកសារព័ត៌មាន និងបង្កើនវត្តមានរបស់រឿងរ៉ាវកម្ពុជានៅលើវេទិកាតំបន់ និងអន្តរជាតិ។ កិច្ចចូលរួមនេះរួមចំណែកលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក ពង្រឹងមិត្តភាពរវាងប្រជាជន និងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនក្នុងវិស័យព័ត៌មាននិងទំនាក់ទំនងអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ៕



ដោយ៖ គង់ សិរីរ័ត្ន





