រយៈពេល៦ខែដើមឆ្នាំនេះ ក្រុមការងារស្រាវជ្រាវបច្ចេកទេសស៊ីម៉ាក់រកឃើញផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់នៅក្នុងខេត្តសៀមរាប ពីសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃសរុបជិត៤ពាន់លានម៉ែត្រការ៉េ
AKP សៀមរាប ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ ២០២៦ នៅសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាប។
នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ អង្គភាពCMAC សម្រេចបានការបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានចំនួន៧៥.១៣១.៦០៥ ម៉ែត្រការ៉េ ស្មើនឹង៨២ភាគរយ នៃផែនការសកម្មភាពប្រចាំឆ្នាំ។ ក្នុងនោះដែរ កម្លាំងជំនាញរុករកឃើញ និងបំផ្លាញចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន២០.៨៦១ គ្រាប់។ ព្រមទាំងបានចុះអន្តរាគមន៍ឆ្លើយតបភ្លាមៗទៅនឹងសំណើបន្ទាន់ៗរបស់ប្រជាពលរដ្ឋបានចំនួន៤.០២៣លើក ដែលតួលេខនេះគឺខ្ពស់ហួសពីសូចនាករផែនការ ដែលបានគ្រោងទុករហូតដល់ទៅ១៧៨,៨ភាគរយ។

ជាមួយគ្នានេះ អង្គភាពស៊ីម៉ាក់បានបន្តជួយសង្គ្រោះ និងសម្រាលទុក្ខលំបាករបស់ជនរស់រានមានជីវិតពីគ្រោះថ្នាក់មីន និងជនពិការសរុបចំនួន ១.៤៧០ នាក់ ដោយបានផ្តល់ជំនួយផ្ទាល់ ការស្តារនីតិសម្បទា ការគាំទ្រផ្នែកចិត្តសង្គម ព្រមទាំងចែកជូនគ្រឿងបន្លាស់សិប្បនិម្មិត និងឧបករណ៍ជំនួយការធ្វើដំណើរ ដូចជារទេះរុញ និងឈើច្រត់ជាដើម។
ដោយឡែក សម្រាប់ការងារស្រាវជ្រាវ និងបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមដែលបន្សល់ទុកពីការឈ្លានពានរបស់សៀមកាលពីឆ្នាំ២០២៥ កន្លងទៅ អង្គភាពCMAC បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះប្រតិបត្តិការយ៉ាងសកម្មនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ទាំង៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងសៀមរាប។ ជាលទ្ធផលជាក់ស្តែងនៃការងារតាមព្រំដែននេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរកឃើញភូមិសង្ស័យចំនួន ៣៣៥ភូមិ ដែលសម្រេចបានក្នុងចំណោម៣៤៩ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់សរុបជិត៤ពាន់លានម៉ែត្រការ៉េ ព្រមទាំងបានបោសសម្អាតសំណល់យុទ្ធសង្គ្រាមឈា្លនពានរបស់សៀមដើម្បីកាត់បន្ថយគ្រោះថ្នាក់និងវិលត្រលប់នៅលំនៅដ្ឋានវិញរបស់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមានបោសសម្អាតលំនៅដ្ឋានប្រជាពលរដ្ឋបានចំនួន៥.៩១១ខ្នងផ្ទះ ស្មើនឹងផ្ទៃដីប្រមាណជិត១៥លានម៉ែត្រការ៉េ សាលារៀនចំនួន៨៧ខ្នង ស្មើនឹងផ្ទៃដី១.៥០០.000 ម៉ែត្រការ៉េ មណ្ឌលសុខភាពចំនួន២០ទីតាំង ស្មើនឹងប្រមាណជិត២៧៨.៥៦៧ ម៉ែត្រការ៉េ វត្តអារាមមានចំនួន៦វត្ត ស្មើនឹងផ្ទៃដី១៤៧.៦៧៩ ម៉ែត្រការ៉េ និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗចំនួន១១៤ទីតាំង ស្មើនឹងផ្ទៃដីចំនួន៨.១៣៥.១៩៦ម៉ែត្រការ៉េ ។ ក្នុងនោះដែរ គ្រាប់បែកចង្កោមចំនួន៤.៤៣៦គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតជាង៤.០០០គ្រាប់ ត្រូវបានរកឃើញ និងធ្វើការកម្ទេចចោលដោយសុវត្ថិភាព។

សូមជម្រាបថា ទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាប្រឈមធំៗ និងឧបសគ្គមួយចំនួន ក្នុងដំណើរការប្រតិបត្តិការយ៉ាងណាក្តី ក៏ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងកម្លាំងពហុជំនាញទាំងអស់នៃអង្គភាពCMAC នៅតែបន្តរក្សាស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុត។ ក្នុងទិសដៅទៅមុខ អង្គភាពបាននិងកំពុងត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ក្នុងការបន្តពង្រឹងសមត្ថភាពបច្ចេកទេស ធ្វើទំនើបកម្មឧបករណ៍សម្ភារ និងអភិវឌ្ឍធនធានមនុស្សបន្ថែមទៀត ដើម្បីជម្នះរាល់ការលំបាក ឆ្ពោះទៅសម្រេចឱ្យបាននូវសកម្មភាពបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យអស់ពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងលុបបំបាត់ហានិភ័យទាំងស្រុង និងធានាបាននូវសុខសុវត្ថិភាព ស្ថិរភាព ព្រមទាំងភាពសុខសាន្តពិតប្រាកដជូនប្រជាពលរដ្ឋគ្រប់រូប ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ទន្ទឹមនឹងនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារឱ្យកាន់តែខ្ពស់ និងស្របតាមសន្ទុះនៃការរីកចម្រើន អង្គភាពបានដាក់ចេញនូវយុទ្ធសាស្ត្របន្តធំៗ ដោយផ្តោតសំខាន់លើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យា ព្រមទាំងការធ្វើទំនើបកម្មបច្ចេកវិទ្យានិងនវានុវត្តន៍ ដើម្បីបង្កើនល្បឿន និងសុវត្ថិភាពក្នុងប្រតិបត្តិការ។ បន្ថែមលើនេះ អង្គភាពក៏បន្តជំរុញការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានសមត្ថភាពខ្ពស់ និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែទូលំទូលាយ ដែលជាសសរស្តម្ភយ៉ាងសំខាន់ ក្នុងការគាំទ្រដល់បេសកកម្មរំដោះដីធ្លីជូនប្រជាពលរដ្ឋឱ្យសម្រេចបានជោគជ័យតាមផែនការ៕

ដោយ ឃុត សៅ





