សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយនិងយុទ្ធសាស្ត្រពាក់ព័ន្ធវិស័យបរិស្ថានដល់ថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាននិងលោកជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយនិងយុទ្ធសាស្ត្រពាក់ព័ន្ធវិស័យបរិស្ថានដល់ថ្នាក់ក្រោមជាតិ នៅមន្ទីរបរិស្ថានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីជំនាញ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត យុវជន សសយកនិងភាគីពាក់ព័ន្ធ ជាច្រើននាក់ទៀត។

ក្នុងឱកាសនោះ លោកជា វ៉ាន់ចាន់ សម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ លើទឹកដីខេត្តកំពង់ធំ។លោកបានបន្តថា សិក្ខាសាលានេះក៏ជាយន្តការមួយក្នុងការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ តាមរយៈការលើកកម្ពស់ចំណេះដឹងការកសាងសមត្ថភាព។នៅពេលដែលយើងមានធនធាន និងមូលធនមនុស្ស នៅមូលដ្ឋាននោះយើងអាចមានសមត្ថភាពអនុវត្តគោលនយោបាយដែលថ្នាក់ជាតិបានដាក់ចេញនិងពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម ប៉ាក សុខារ៉ាវុត បានលើកឡើងពីសារៈសំខាន់នៃការផ្សព្វផ្សាយគោលនយោបាយនិងយុទ្ធសាស្ត្រវិស័យបរិស្ថាន ដើម្បីបង្កើនការយល់ដឹង ពង្រឹងសមត្ថភាព និងជំរុញការអនុវត្តការងារបរិស្ថាននៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយ និងទិសដៅរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋបាលថ្នាក់ក្រោមជាតិមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ការគ្រប់គ្រងសំណល់ ការកាត់បន្ថយការបំពុលបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ដូច្នេះការយល់ដឹង និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយនិងយុទ្ធសាស្ត្រពាក់ព័ន្ធគឺជាកត្តាចាំបាច់ក្នុងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានរំពឹងថា សិក្ខាសាលានេះនឹងរួមចំណែកពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិបង្កើនកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ និងជំរុញការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រវិស័យបរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព សំដៅលើការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ ស៊ុម វណ្ណា





