អភិបាលរងខេត្តបន្ទាយមានជ័យជំរុញឱ្យក្រុមការងារពន្លឿនការជួសជុលផ្លូវក្នុងក្រុងសិរីសោភ័ណ ដោយឆ្លើយតបនឹងស្តង់ដារគុណភាព និងសោភ័ណភាពជាចម្បង
AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦-- ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារបច្ចេកទេស ឱ្យជម្រុញល្បឿននៃការស្តារ និងកែលម្អប្រព័ន្ធផ្លូវថ្នល់ឡើងវិញ នៅក្នុងក្រុងសិរីសោភ័ណ ដោយត្រូវដាច់ខាតធានាឱ្យបាននូវគុណភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង មិនមែនធ្វើឡើងដើម្បីតែបង្ហើយកិច្ចនោះឡើយ។
ការថ្លែងជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារជំនាញ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពផ្ទាល់នៃការងារជួសជុល និងកែលម្អផ្លូវឡើងវិញ ស្ថិតក្នុងគម្រោងគ្រប់គ្រង និងរំដោះទឹកកខ្វក់ក្នុងក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ។ 
ក្នុងដំណើរចុះត្រួតពិនិត្យនាឱកាសនោះ លោក ឃ្លោក នួយ បានគូសបញ្ជាក់ថា គម្រោងគ្រប់គ្រង និងរំដោះទឹកកខ្វក់ ក៏ដូចជាការស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសិរីសោភ័ណនេះ គឺជាគម្រោងយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតរបស់រដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ។ ហេតុនេះ ការស្ថាបនាឡើងវិញត្រូវតែធ្វើឡើងដោយភាពហ្មត់ចត់បំផុត។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ទៅកាន់ក្រុមការងារជួសជុលយ៉ាងដូច្នេះថា «ការជួសជុល និងកែលម្អផ្លូវឡើងវិញនៅពេលនេះ មិនត្រឹមតែត្រូវធ្វើឱ្យបានលឿនដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសការកកស្ទះប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលជាចំណុចស្នូល គឺគុណភាព។ ក្រុមការងារ និងក្រុមហ៊ុនទទួលការខុសត្រូវ ត្រូវតែអនុវត្តឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធានាឱ្យបាននូវភាពយូរអង្វែង មិនមែនធ្វើឱ្យរួចពីដៃ ហើយខូចខាតទៅវិញក្នុងរយៈពេលខ្លីនោះឡើយ។ យើងត្រូវរួមគ្នាធ្វើឱ្យក្រុងសិរីសោភ័ណមានសោភ័ណភាព និងមានការអភិវឌ្ឍប្រកបដោយចិរភាព»។

លោក ឃ្លោក នួយ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាបង្កលក្ខណៈងាយស្រួល និងមានការយោគយល់អត់ធ្មត់ខ្ពស់ ចំពោះផលប៉ះពាល់តិចតួចក្នុងអំឡុងពេលដំណើរការការដ្ឋាននេះ។

ជាមួយនោះ លោកបានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវបន្តចុះតាមដាន និងវាយតម្លៃការងារបច្ចេកទេសនេះជាប្រចាំ ដើម្បីធានាថា រាល់ការខូចខាត និងការស្តារឡើងវិញ ត្រូវបានអនុវត្តស្របតាមសៀវភៅបន្ទុក និងផែនការដែលរដ្ឋបាលខេត្តបានកំណត់ ក្នុងគោលបំណងបម្រើផលប្រយោជន៍សាធារណៈឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕
ដោយ ឈុន សារ៉ាត





