កម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២៦--កម្ពុជា-ឡាវប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ព្រមទាំងអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជិតខាងទាំងពីរ។
ការប្តេជ្ញានេះខណៈឯកឧត្ដ ម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះប ណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមា និតឡាវប្រចាំកម្ពុជា នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម សនសៃ វ៉ាន់ណាសៃ ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជា និងឡាវបានរក្សាចំណងមិត្តភាពប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិត ខាងល្អប្រកបដោយការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ជាពិ សេសបន្ទាប់ពីការអនុម័តផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសា ស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងឆ្នាំ២០២៣-២០២៧ ហើយខួបលើកទី៧០នេះជាឱកាសបង្កើនសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធី TVET ក្នុងការលើកក ម្ពស់កំណើនសេដ្ឋកិច្ច ផលិតភាព និងសមត្ថភាពប្រកួតប្រជែង ហើយបានលើកទឹកចិត្តឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរគ្រូបណ្តុះបណ្តាល និងអ្នកជំនាញ និងការបង្កើតភាពជាដៃគូរវាងគ្រឹះស្ថាននៃប្រទេសទាំងពីរ ដោយការបង្កើតអនុស្សរ ណៈនៃការយោគយល់រួមគ្នា។

ឯកឧត្ដមជឿជាក់យ៉ាងមុតមាំថា អាណត្តិ ការ ទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនឹងរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវឱ្យកាន់តែជិតស្និទ្ធ ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ។
ឯកឧត្ដមបានបញ្ជាក់ឡើងវិញនូវការត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយភាគីឡាវ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមរួម និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
ជាការឆ្លើយតប ឯកឧត្តម សនសៃ វ៉ាន់ណាសៃ បានសម្តែងនូវសោមនស្សរីករាយ និងមោទនភាពចំពោះការបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលជាប្រទេសជិតខាងមានប្រវត្តិ សាស្ត្រដ៏យូរលង់ វប្បធម៌ដ៏ផូរផង់សម្បូរបែប ហើយបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបដោយការស្ថាបនា និងភាពស្និទ្ធស្នាល ក៏ដូចជាបានបង្ហាញពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋា ភិបាលកម្ពុជា និងក្រសួងដែលកំពុងតែអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ យ៉ាងសកម្ម។

ឯកឧត្តមបានលើកឡើងថា ក្នុងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនេះនឹងមានការរៀបចំកម្មវិធីអបអរសាទរទាំងនៅក្នុងរាជធានីភ្នំពេញ និងទីក្រុងវៀងចន្ទន៍។
ជាមួយនឹងការកត់សម្គាល់ពីកំណើនកម្មករនិយោជិតនៅកម្ពុជាជារៀងរាល់ឆ្នាំ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសហេដ្ឋារចនាសម្ព័ន ដែលជាកម្លាំងចលករដ៏សំខាន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមក៏បានសម្តែងការពេញចិត្តចំពោះភាពរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងប្រទេសទាំងពីរ ហើយបានបញ្ជាក់ពីសារៈសំខាន់ និងការត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនេះសម្រាប់ផលប្រយោជន៍កម្ពុជា-ឡាវ៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ក្រសួងការងារ





