អភិបាលខេត្តកំពង់ស្ពឺបង្ហាញពីវិស័យសក្តានុពលសំខាន់ៗចំនួន ៤ ក្នុងពិធីអបអរសាទរ «រុក្ខទិវា ៩ កក្កដា»
AKP កំពង់ស្ពឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦ ពិធីនេះត្រូវបានប្រារព្ធឡើង នៅក្នុងបរិវេណវត្តសំពៅ ស្ថិតនៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

យោងតាមរបាយការណ៍របស់ លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ការរៀបចំប្រារព្ធពិធីអបអរសាទរ រុក្ខទិវា ០៩ កក្កដា នេះ គឺមានកូនឈើចម្រុះសរុបចំនួន ៣.៧៥០ដើម សម្រាប់ដាំដុះនៅតាមទីតាំងនានា រួមមាន នៅក្នុងបរិវេណវត្តសំពៅ ស្ថិតក្នុងភូមិសំពៅ សង្កាត់ច្បារមន, សាលាបឋមសិក្សាសំពៅ, តាមបណ្តោយដងផ្លូវលេខ១០៩ និងនៅបញ្ជាការដ្ឋានយោធភូមិភាគ៣ ដោយឡែកសម្រាប់ការដាំដុះនៅក្នុងបរិវេណពិធីផ្ទាល់ គឺមានចំនួន ១.៥០០ដើម ដែលមានជាប្រភេទឈើលម្អរួមមានដើមក្ងោក និងប្រភេទឈើរយៈពេលវែងមាន ដើមធ្នង់ ក្រញ៉ូង បេង និងដើមត្នោត។ ក្រៅពីនេះ មន្ទីរក៏បានរៀបចំកូនឈើចម្រុះសរុបចំនួន ២.៥០០ដើម ផ្សេងទៀត ដូចជា ប្រភេទឈើរយៈពេលវែង (បេង ធ្នង់ គគីរ ចន្ទគីរី ក្ងោក) និងឈើហូបផ្លែ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ យកទៅដាំដុះបន្តផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានខិតខំប្រឹងប្រែងរៀបចំពិធីរុក្ខទិវាដាំកូនឈើនេះឡើង ដើម្បីបណ្តុះស្មារតីស្រឡាញ់ ថែរក្សា និងការពារធនធានធម្មជាតិក្នុងចំណោមស្រទាប់យុវជន និងប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់ចេញនូវការណែនាំ និងស្នើដល់លោកប្រធានមន្ទីរកសិកម្ម និងលោកប្រធានមន្ទីរបរិស្ថានខេត្ត ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបន្តរៀបចំផែនការដាំដើមឈើបន្ថែមនៅតាមដងផ្លូវសាធារណៈនានាក្នុងខេត្ត សំដៅលើកកម្ពស់សោភ័ណភាព និងបង្កើតគម្របបៃតង។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានលើកឡើង និងដាស់តឿនជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រង និងទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ។ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ការចូលរួមប្រមូល និងបោះចោលសម្រាមក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវតាមក្បួនអនាម័យ មិនត្រឹមតែជួយថែរក្សាសោភ័ណភាពខេត្តឱ្យស្អាតជានិច្ចនោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការការពារបរិស្ថាន ការពារសុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់នានាដល់សង្គមជាតិផងដែរ។
ក្រៅពីការងារដាំកូនឈើ និងកិច្ចការបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានគូសបញ្ជាក់ និងលើកឡើងអំពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយបានបង្ហាញពីវិស័យសំខាន់ៗចំនួន ៤ ដែលជាសក្តានុពលដ៏ខ្លាំងក្លារបស់ខេត្តកំពង់ស្ពឺ នាពេលបច្ចុប្បន្ន រួមមាន វិស័យកសិកម្ម, វិស័យទេសចរណ៍, វិស័យឧស្សាហកម្មកាត់ដេរ ,និងវិស័យរ៉ែ និងថាមពលស័យសក្តានុពលទាំង ៤ នេះ គឺជាក្បាលម៉ាស៊ីនដ៏មានឥទ្ធិពល ក្នុងការរុញច្រានសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ ឱ្យកាន់តែមានការរីកចម្រើនខ្លាំងក្លា ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ឱ្យកាន់តែប្រសើរឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងឱកាសនោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ បានរួមគ្នាយ៉ាងសកម្មក្នុងការដាំកូនឈើទុកជាសមិទ្ធផលបៃតងសម្រាប់កូនចៅជំនាន់ក្រោយ៕
ដោយ ម៉ែន ប៊ុនធីម





