សិក្ខាកាមបន្តយកចិត្តទុកដាក់ថែទាំ និងហ្វឹកហាត់ជាប្រចាំ ពង្រឹងសមត្ថភាពប្រើប្រាស់របស់កងកម្លាំងឱ្យកាន់តែមានប្រសិទ្ធភាព
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព PKO នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ធូ អគ្គនាយករងមជ្ឈមណ្ឌលជាតិ ទទួលបន្ទុកជំនាញគ្រប់គ្រងស្តង់ដារ សម្ភារ និងបច្ចេកទេស បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសិក្ខាកាមដែលកំពុងបំប៉នជំនាញបើកបរ បញ្ជា ប្រើប្រាស់ និងថែទាំរថយន្ត និងគ្រឿងចក្រ នៃកងវិស្វកម្មពហុជំនាញលេខ៨៦៤ ដែលត្រៀមប្តូរវេនទៅបំពេញបេសកកម្ម អ.ស.ប. នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនាពេលខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានអញ្ជើញពិនិត្យការអនុវត្តន៍ជាក់ស្តែងលើការប្រើប្រាស់ និងការបញ្ជារថយន្តស្ទូច ម៉ូដែល SRC300T ដើម្បីផ្សារភ្ជាប់ទ្រឹស្តីជាមួយការអនុវត្ត ស្របតាមខ្លឹមសារមេរៀនដែលក្រុមហ៊ុនបានបណ្តុះបណ្តាលកន្លងមក។ ឯកឧត្តមបានណែនាំឱ្យសិក្ខាកាមបន្តយកចិត្តទុកដាក់ថែទាំ និងហ្វឹកហាត់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពប្រើប្រាស់របស់កងកម្លាំងឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយករង បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តមអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិ ជូនដល់សិក្ខាកាមទាំងអស់។

ជាមួយគ្នានេះដែរ ឯកឧត្តមបានលើកទឹកចិត្តឱ្យសិក្ខាកាមបន្តយកចិត្តទុកដាក់ហ្វឹកហាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តតាមបទដ្ឋានស្តង់ដារបច្ចេកទេសរបស់ អ.ស.ប. ដើម្បីធានាឱ្យការបំពេញភារកិច្ចទទួលបានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ ត្រូវបន្តយកចិត្តទុកដាក់លើការថែទាំ ការរៀបចំទុកដាក់ និងការលាងសម្អាតរថយន្ត គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសជាប្រចាំ ដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាពការងារ៕

ដោយ សំ សាម៉ន(ប្រភព÷សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព)





