ក្រសួងអប់រំ៖ ទំពាំងឆ្នើមជាក្ដីសង្ឃឹម និងជាអនាគតរបស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--ក្នុងវ័យទើបតែ ៩ឆ្នាំ កុមារីនៃក្រុម «Girl Digital» មកពីសាលាបឋមសិក្សាកេសរារាម ខេត្តសៀមរាប បាននិងកំពុងបង្ហាញសមត្ថភាពដ៏អស្ចារ្យតាមរយៈការរៀនសរសេរកូដ បង្កើតហ្គេម និងធ្វើការងារជាក្រុមដើម្បីដោះស្រាយបញ្ហា ព្រមទាំងអាចធ្វើបទបង្ហាញពីគម្រោងរបស់ពួកគេដោយភាពជឿជាក់យ៉ាងមុតមាំថែមទៀតផង។

តាមរយៈកម្មវិធី «Game Changers Coalition» ដែលជាគំនិតផ្ដួចផ្ដើមគាំទ្រដោយយូនីសេហ្វ (UNICEF) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសម្របសម្រួលយ៉ាងសកម្មពីនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្នុងការបណ្ដុះបណ្ដាលជំនាញឌីជីថល និង STEAM ដល់កុមារ ក្រុមសិស្សតូចៗទាំងនេះបានបង្កើតហ្គេមដំបូងបង្អស់របស់ខ្លួន ហើយថែមទាំងបានចូលរួមប្រកួតប្រជែង និងទទួលបានរង្វាន់លើកទឹកចិត្តនៅក្នុងព្រឹត្តិការណ៍ប្រកួតបង្កើតហ្គេមថ្នាក់ជាតិ (National Game Jam) របស់កម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។

ក្នុងទិវាជំនាញយុវជនអន្តរជាតិ (International Youth Skills Day) ក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ពួកគេ ដោយបានគូសបញ្ជាក់ថា ការបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយលើជំនាញឌីជីថល និង STEAM ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះអ្វីៗគ្រប់យ៉ាងនឹងក្លាយជាការពិតនៅពេលកុមារគ្រប់រូបទទួលបានឱកាស ការណែនាំ និងឧបករណ៍ចាំបាច់នានា ដើម្បីកសាងជំនាញសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ពួកគេ៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





