គណៈប្រតិភូគណៈកម្មការទី៦ ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា(គណៈកម្មការទី៦) ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក ធូ ភា អភិបាលស្តីទីខេត្ត នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្ត ដើម្បីឈ្វេងយល់អំពីស្ថានភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលអាជ្ញាធរខេត្ត និងមន្ទីរជំនាញមានសមត្ថកិច្ចពាក់ព័ន្ធមានកាតព្វកិច្ចអនុវត្តន៍ ស្របតាមសមត្ថកិច្ចដែលបានកំណត់ដោយច្បាប់ទាក់ទងនឹងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋដែលស្ថិតក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីមានសមត្ថកិច្ចនីមួយៗ។

ក្នុងឱកាសនេះលោកជំទាវបណ្ឌិត បានជម្រាបជូនអង្គពិធីអំពីសាវតា រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ព្រឹទ្ធសភា ដែលផ្តោតលើការអនុវត្តមុខងារស្នូលចំនួនបីគឺ៖ ១. មុខងារនីតិកម្ម, ២. មុខងារតាមដានការអនុវត្តច្បាប់ និង៣. មុខងារតំណាង ព្រមទាំងបំពេញមុខងារគាំទ្រពីរទៀត គឺមុខងារសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងសាធារណៈ និងមុខងារអភិវឌ្ឍន៍ស្ថាប័ន ដោយបានគូសបញ្ជាក់អំពីអាទិភាពចម្បងចំនួនពីរបន្ថែមទៀតរបស់ព្រឹទ្ធសភានីតិកាលទី៥គឺ៖ ទី១. ការលើកកម្ពស់ការទូតសភា និងទី២.ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងដ៏ពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





