សហគមន៍ ទួលនាងសាវផ្លូវហ្លួង សង់ជម្រកត្រីសិប្បនិម្មិត ក្នុងបឹងអភិរក្ស ទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--មន្ត្រីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ថា ដើម្បីរួមចំណែកការពារត្រីមេពូជ និងលើកកម្ពស់និរន្តរភាពធនធានជលផលនៅ បឹងទន្លេសាប សហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង បានសាងសង់ជម្រកត្រីសិប្បនិម្មិតក្នុងបឹងអភិរក្សត្រីរបស់សហគមន៍ នៅឆ្នាំ២០២៦ ឱ្យបានមុនរដូវត្រីពងកូន ។

ជារៀងរាល់ឆ្នាំ បឹងទន្លេសាបផ្គត់ផ្គង់ផលត្រីទឹកសាបប្រមាណជាង ៦០ភាគរយ នៃផលត្រីក្នុងស្រុករបស់កម្ពុជាខណៈដែលព្រៃលិចទឹកជាជម្រកដ៏សំខាន់សម្រាប់ការពងកូន និងការលូតលាស់របស់ប្រភេទត្រីជាច្រើន រួមទាំងប្រភេទត្រីជិតផុតពូជជាសកល។ ការការពារទីជម្រកទាំងនេះ មានសារៈសំខាន់ក្នុងការថែរក្សាជីវៈចម្រុះ និងគាំទ្រជីវភាពរស់នៅរបស់សហគមន៍ដែលពឹងផ្អែកលើបឹងទន្លេសាប។

សកម្មភាពនេះមានការចូលរួមពីសមាជិកសហគមន៍ចំនួន ៥ នាក់ ក្នុងនោះមានយុវជន ២ នាក់ ដែលបានរួមគ្នាសាងសង់ និងដាក់ជម្រកត្រីសិប្បនិម្មិតចំនួន ៦២ ជាទម្រង់សាជី ដោយប្រើបង្គោលឈើ។ ជម្រកទាំងនេះត្រូវបានសាងសង់ និងតំឡើងនៅក្នុងបឹងអភិរក្សត្រីចំណុចបឹងទង់ចងករ ដើម្បីផ្តល់ជាទីជម្រកសម្រាប់ត្រីមេពូជ បង្កើតទីកន្លែងសមស្របសម្រាប់ត្រីពងកូន និងលូតលាស់ ព្រមទាំងរួមចំណែកកាត់បន្ថយការនេសាទខុសច្បាប់ក្នុងរដូវត្រីពង។

សកម្មភាពនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ក្នុងការអភិរក្សធនធានជលផល និងលើកកម្ពស់ការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៅតំបន់រ៉ាមសារស្ទឹងសែន នៃបឹងទន្លេសាប ដែលសម្របសម្រួលដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) ក្រោមថវិកាគាំទ្រពីកម្មវិធីជំនួយខ្នាតតូចនៃមូលនិធិបរិស្ថានសកល (GEF SGP) នៃអង្គការ UNDP ៕
ដោយ ណយ នឿន (ប្រភព៖NatureLife)





