ឯកឧត្តម អ៊ឹង សុខឧត្តម អញ្ជើញបើកវេទិកាសន្តិសុខសាយប័រ ថ្នាក់តំបន់មេគង្គ-ឡានឆាង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២៩២៦--ឯកឧត្តម អ៊ឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកវេទិកាសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង (Lancang-Mekong Regional Cybersecurity Forum) នៅសណ្ឋាគារជេសេវិន ដោយមានការចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

វេទិកានេះធ្វើឡើងរយៈពេលបីថ្ងៃ (១៥-១៧ កក្កដា) មានអ្នកចូលរួមប្រមាណ ៣០រូប មកពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ព្រមទាំងវាគ្មិនជំនាញមកពីក្នុងតំបន់។ ប្រធានបទពិភាក្សាសំខាន់ៗរួមមាន÷ គោលនយោបាយសន្តិសុខសាយប័រ ការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន សន្តិសុខទិន្នន័យ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ តាមរយៈវេទិកានេះ ក.ប.ទ. រំពឹងថានឹងជំរុញសន្តិសុខសាយប័រតំបន់ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាព។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម អ៉ឹង សុខឧត្តម បានបញ្ជាក់ថា បញ្ហាសន្តិសុខសាយប័រទាមទារការសហការ និងការជឿទុកចិត្តគ្នាក្នុងតំបន់ ខណៈកម្ពុជាប្តេជ្ញាពង្រឹងក្របខណ្ឌច្បាប់ ធនធានមនុស្ស និងបច្ចេកទេស ដើម្បីបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាព។

វេទិកានេះឧបត្ថម្ភដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបនឹងការគំរាមកំហែងសាយប័រ ៕
ដោយ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





