កម្ពុជា ស្វាគមន៍អ្នកជំនួញ និងអ្នកបង្កើតមាតិកាអន្តរជាតិ ដើម្បីរួមចំណែកផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោក
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--ក្រុមហ៊ុន KJet Group ដែលជាក្រុមហ៊ុនផ្តល់សេវាយន្តហោះឯកជន (Private Jet) នៅកម្ពុជា បានរៀបចំពិធីទទួលទានអាហារពេលល្ងាចនៅសណ្ឋាគារ Novotel Phnom Penh ដើម្បីស្វាគមន៍ក្រុមអ្នកជំនួញ អ្នកធ្វើដំណើរ អ្នកបង្កើតមាតិកាឌីជីថល(Content Creators) និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម (Influencers)អន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសជាច្រើន មុននឹងមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីរាត្រីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ។

គណៈប្រតិភូនេះមានសមាជិកមកពី ប្រទេសន័រវេស ឈីលី សហរដ្ឋអាមេរិក និងកេនយ៉ា ព្រមទាំងមាន តារាម៉ូដែលជនជាតិរុស្ស៊ី ផងដែរ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានសម្របសម្រួលដោយលោក Joachim Bekkevold អ្នកជំនួញ និងជា Influencer ជនជាតិន័រវេស ដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសកម្ពុជា។

ក្រុមអ្នកបង្កើតមាតិកាទាំងនេះ មានអ្នកតាមដាន រាប់លាននាក់ នៅលើ Facebook, YouTube, Instagram និងបណ្តាញឌីជីថលផ្សេងៗ រួមមានបណ្តាញល្បីៗដូចជា CyberLocos, Creative Discovery និងទំព័រផ្ទាល់ខ្លួនរបស់ Joachim Bekkevold ព្រមទាំងបណ្តាញអន្តរជាតិជាច្រើនទៀត។
ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ពួកគេបានផលិត និងចែករំលែកមាតិកាផ្សេងៗ អំពី វប្បធម៌ដ៏សម្បូរបែប បេតិកភណ្ឌប្រវត្តិសាស្ត្រ សក្តានុពលវិស័យទេសចរណ៍ ឱកាសវិនិយោគ អាហារខ្មែរ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ទៅកាន់អ្នកទស្សនារាប់លាននាក់ជុំវិញពិភពលោក។ មាតិកាទាំងនេះ នឹងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីកម្ពុជា និងជំរុញឱ្យភ្ញៀវទេសចរ និងអ្នកវិនិយោគអន្តរជាតិ កាន់តែចាប់អារម្មណ៍មកទស្សនា និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

ថ្លែងក្នុងពិធីទទួលស្វាគមន៍គណៈប្រតិភូនោះ លោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិកា ក្រុមហ៊ុន KJet Group បានគូសបញ្ជាក់ថា នៅក្នុងយុគសម័យឌីជីថល អ្នកបង្កើតមាតិកា និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម បានក្លាយជាដៃគូដ៏សំខាន់ក្នុងការផ្សព្វផ្សាយប្រទេសមួយទៅកាន់ពិភពលោក។ លោកស្រីបានលើកឡើងថា៖ «ការចែករំលែកបទពិសោធន៍ពិតរបស់ពួកគេ អាចជំរុញឱ្យមនុស្សរាប់លាននាក់ស្គាល់កម្ពុជា និងសម្រេចចិត្តមកទស្សនាប្រទេសយើង»។ លោកស្រីបានអះអាងថា កម្ពុជាមិនមានតែប្រាសាទអង្គរវត្តប៉ុណ្ណោះទេ យើងមានវប្បធម៌ដ៏សម្បូរបែប ប្រជាជនដែលរួសរាយរាក់ទាក់ ឱកាសវិនិយោគជាច្រើន និងសក្តានុពលក្នុងវិស័យទេសចរណ៍ អាកាសចរណ៍ អចលនទ្រព្យ និងវិស័យសេដ្ឋកិច្ចជាច្រើនទៀត។ «យើងមានកិត្តិយសដែលបានស្វាគមន៍ក្រុមអ្នកជំនួញ និងអ្នកបង្កើតមាតិកាអន្តរជាតិទាំងនេះ ហើយសង្ឃឹមថា បទពិសោធន៍របស់ពួកគេ នឹងជួយផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា និងទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគកាន់តែច្រើនមកកាន់ប្រទេសយើង»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិកា ក្រុមហ៊ុន KJet Group។

ជាមួយគ្នានេះ សមាជិកជាច្រើននៃគណៈប្រតិភូ បានបង្ហាញការកោតសរសើរចំពោះ ភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរ ភាពរួសរាយរាក់ទាក់របស់ប្រជាជន អាហារខ្មែរ បរិយាកាសប្រកបដោយភាពកក់ក្តៅ និងសក្តានុពលដ៏ធំធេងរបស់កម្ពុជាក្នុងវិស័យទេសចរណ៍ និងការវិនិយោគ។ ពួកគេក៏បានបង្ហាញពីបំណងបន្តផ្សព្វផ្សាយបទពិសោធន៍របស់ខ្លួនអំពីកម្ពុជា តាមរយៈបណ្តាញសង្គម និងបណ្តាញផ្សព្វផ្សាយរបស់ពួកគេ ទៅកាន់អ្នកគាំទ្ររាប់លាននាក់នៅជុំវិញពិភពលោក។

សូមជម្រាបជូនថា ស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ ក្នុងការពង្រីកការផ្សព្វផ្សាយវិស័យទេសចរណ៍ទៅកាន់ទីផ្សារអន្តរជាតិ ក្រុមហ៊ុន KJet Group បន្តគាំទ្រអ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងវិស័យឯកជន ដើម្បីរួមចំណែកលើកកម្ពស់រូបភាពរបស់កម្ពុជា ជាគោលដៅទេសចរណ៍ វិនិយោគ និងធុរកិច្ចដ៏មានសក្តានុពលនៅលើឆាកអន្តរជាតិ៕
ដោយ៖ រិទ្ធី





