ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ត្រីព័ត៌មានខេត្តបន្ទាយមានជ័យ ពង្រឹងសមត្ថភាពគ្រប់គ្រងព័ត៌មាន និងបន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ឱ្យកាន់តែសកម្ម
AKPបន្ទាយមានជ័យថ្ងៃទី ១៦ខែកក្កដាឆ្នាំ២០២៦–មន្ត្រីរាជការ និងអ្នកសារព័ត៌មាននៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានជំរុញឱ្យបង្កើនសមត្ថភាព ប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងការប្រមូល វិភាគ និងគ្រប់គ្រងព័ត៌មាន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ជាពិសេសត្រូវរួមគ្នាបន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say NO to Fake News) ក្នុងជំហានទី២ ឱ្យកាន់តែខ្លាំងក្លា ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ការជំរុញបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណៈមតិ ជូនដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និងឯកឧត្តម ពៅ ផនសំណាង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តយ៉ាងច្រើនកុះករ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត។

នៅក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្តល់ការណែនាំជាយុទ្ធសាស្ត្រ និងតម្រង់ទិសយ៉ាងស៊ីជម្រៅ ដោយបានសង្កត់ធ្ងន់លើតួនាទីដ៏មានសារៈសំខាន់របស់មន្ត្រីព័ត៌មានជំនាញ នៅក្នុងយុគសម័យឌីជីថល។ ឯកឧត្តមបានលើកឡើងថា ការពង្រឹងសមត្ថភាព និងវិជ្ជាជីវៈរបស់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន ក្នុងការប្រមូល វិភាគ និងគ្រប់គ្រងព័ត៌មាន ព្រមទាំងការតាមដានសាធារណមតិ គឺជាខឿនការពារដ៏រឹងមាំក្នុងការឆ្លើយតបទៅនឹងព្រឹត្តិការណ៍សង្គមបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍សង្កត់ធ្ងន់ថានៅក្នុងបរិបទដែលបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងរហ័ស មន្ត្រីព័ត៌មានរបស់យើងត្រូវតែដើរឱ្យទាន់សភាពការណ៍សង្គម។ ការក្តាប់បាននូវសាធារណមតិ និងការវិភាគព័ត៌មានបានត្រឹមត្រូវ មិនត្រឹមតែជួយផ្សព្វផ្សាយការពិតជូនប្រជាពលរដ្ឋនោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍ដ៏មានឥទ្ធិពល ក្នុងការលុបបំបាត់រាល់ការបំភ័ន្តនានាពីសំណាក់ប្រភពមិនច្បាស់លាស់ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការបន្តជំរុញយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say NO to Fake News) ក្នុងជំហានទី២។ ឯកឧត្តមបានបញ្ជាក់ថា ព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ គឺជាវីរុសដ៏គ្រោះថ្នាក់មួយដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពសង្គម សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។ ដូច្នេះ ការរួមគ្នាទប់ស្កាត់ និងលុបបំបាត់ការរីករាលដាលនៃព័ត៌មានមិនពិត គឺជាកាតព្វកិច្ចមិនអាចខ្វះបានរបស់មន្ត្រីព័ត៌មានគ្រប់រូប តាមរយៈការផ្តល់ព័ត៌មានពិត លឿន រហ័ស និងមានប្រភពច្បាស់លាស់ ទៅកាន់ទស្សនិកជន។

សូមបញ្ជាក់ថា កិច្ចប្រជុំតម្រង់ទិសនេះ មិនត្រឹមតែជាការចែករំលែកបទពិសោធន៍ និងចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដាស់តឿន និងពង្រឹងស្មារតីទទួលខុសត្រូវរបស់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ក្នុងការធ្វើជាសេនាធិការដ៏រឹងមាំជូនរដ្ឋបាលខេត្ត ក៏ដូចជាក្រសួងព័ត៌មាន ក្នុងការគ្រប់គ្រងលំហព័ត៌មានឱ្យមានភាពស្អាតស្អំ ធានាបាននូវការជឿទុកចិត្តពីសាធារណជន និងរួមចំណែកដល់ការអភិវឌ្ឍខេត្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ ឈុន សារ៉ាត





