ឯកឧត្តម គន់ គីម នាំយកមេត្រីភាពសម្តេចធិបតី ចែកដីឡូត៍ផ្ទះជូនគ្រួសារភៀសសឹក ១០៧គ្រួសារ នៅបន្ទាយមានជ័យ
AKPបន្ទាយមានជ័យថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៦--ស្នាមញញឹម និងទឹកភ្នែករំភើប បានលេចឡើងនៅលើផ្ទៃមុខរបស់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ១០៧គ្រួសារ មកពីភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ខណៈដែលពួកគេត្រូវបានរៀបចំឱ្យចាប់ឆ្នោតជ្រើសរើសក្បាលដីឡូត៍ផ្ទះ ដើម្បីចូលមករស់នៅជាផ្លូវការនៅក្នុងជំរកបណ្តោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។

ពិធីចាប់ឆ្នោតផ្ទះដីឡូត៍ជាប្រវត្តិសាស្ត្រសម្រាប់ជីវិតពលរដ្ឋភៀសសឹកនេះ បានប្រព្រឹត្តទៅយ៉ាងឱឡារិក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីមទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងមានការចូលរួមពី លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំនូវការសាកសួរសុខទុក្ខ និងមនោសញ្ចេតនានឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីគោលនយោបាយដ៏ច្បាស់លាស់ និងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជីវភាពជូនប្រជាពលរដ្ឋថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មិនដែលបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឱ្យនៅរងទុក្ខវេទនាដោយគ្មានការយកចិត្តទុកដាក់នោះឡើយ ជាពិសេសបងប្អូនជនភៀសសឹក ដែលធ្លាប់ឆ្លងកាត់ការលំបាក និងការផ្លាស់ទីលំនៅដោយសារតែភ្លើងសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃមកលើកបូរណភាពទឹកដីកម្ពុជាកន្លងមកនេះ។

ការផ្តល់ដី និងជម្រកបណ្តោះអាសន្ននៅថ្ងៃនេះ មិនមែនគ្រាន់តែជាការផ្តល់ដីមួយដុំ ឬផ្ទះមួយខ្នងនោះទេ ប៉ុន្តែវាគឺជាការផ្តល់នូវសេចក្តីថ្លៃថ្នូរ ស្ថិរភាពជីវិត និងឱកាសកសាងអនាគតថ្មីដ៏រឹងមាំសម្រាប់កូនចៅជំនាន់ក្រោយ។»
ជាមួយនោះឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ ជួយសម្របសម្រួល និងរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដូចជាទឹក ភ្លើង និងផ្លូវថ្នល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលរដ្ឋដែលទើបផ្លាស់ប្តូរមកទីតាំងថ្មីនេះ ឱ្យឆាប់បានតាំងទីលំនៅ និងប្រកបរបរចិញ្ចឹមជីវិតដោយរលូន។ ការទទួលបានកម្មសិទ្ធិក្បាលដីឡូត៍ផ្ទះនៅពេលនេះ បានធ្វើឱ្យក្រុមគ្រួសារភៀសសឹកទាំង ១០៧គ្រួសារ សម្តែងនូវការរំភើបចិត្តឥតឧបមា។
តំណាងប្រជាពលរដ្ឋម្នាក់ដែលបានចូលរួមចាប់ឆ្នោត បានរៀបរាប់ ដោយក្តីរំភើបថា អស់រយៈពេលជាច្រើនខែមកហើយ ដែលពួកយើងរស់នៅក្នុងភាពមិនច្បាស់លាស់ ហាក់គ្មានទីពឹងពិតប្រាកដ។ ថ្ងៃនេះ ពួកយើងរំភើបណាស់រហូតស្រក់ទឹកភ្នែក ពេលបានចាប់ឆ្នោតទទួលដីឡូត៍ផ្ទះផ្ទាល់ខ្លួន។ ពួកយើងដឹងគុណសម្តេចតេជោ សម្តេចធិបតី និងឯកឧត្តម គន់ គីមរួមនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់សប្បុរជននានា ខ្លាំងណាស់ ដែលមិនដែលបំភ្លេចពួកយើងចោល។ ជម្រកថ្មីនេះប្រៀបដូចជាជីវិតទីពីរសម្រាប់គ្រួសារខ្ញុំ ធ្វើឱ្យយើងលែងបារម្ភពីការគ្មានទីលំនៅតទៅទៀតហើយ។

ការបន្តរៀបចំពិធីចាប់ឆ្នោតរើសក្បាលដីជូនជនភៀសសឹកបន្ថែម ១ភូមិទៀតលើពលរដ្ឋភៀសសឹកដែលបានចូលមករស់នៅក្នុងភូមិរង់ចាំជាង៣០០០គ្រួសារមកដល់ពេលនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការអនុវត្តគោលនយោបាយគាំពារសង្គមប្រកបដោយសមធម៌ និងបរិយាបន្នរបស់រាជរដ្ឋាភិបាលកម្ពុជា។ វាមិនត្រឹមតែជាការដោះស្រាយបញ្ហាជម្រកភ្លាមៗនោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រក្នុងការប្រែក្លាយតំបន់ដែលធ្លាប់តែរងគ្រោះដោយសារសង្គ្រាម ឱ្យទៅជាតំបន់អភិវឌ្ឍន៍ដែលមានស្ថិរភាព និងសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋយូរអង្វែងតទៅសក្តិសមជាជនជាតិខ្មែររស់ក្រោមដំបូលសន្តិភាពតែមួយ៕
ដោយ៖ ឈុន សារ៉ាត





