ក្រសួងសេដ្ឋកិច្ច និងក្រសួងមហាផ្ទៃ ជំរុញការប្រើប្រាស់ប្រព័ន្ធ FMIS ទាំងស្រុងនៅថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់តម្លាភាព និងប្រសិទ្ធភាពសេវាសាធារណៈ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥៦ -- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយក្រសួងមហាផ្ទៃ រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង ស្តីពី «ការប្រើប្រាស់មុខងាររៀបចំផែនការថវិកា និងការអនុវត្តនីតិវិធីចំណាយចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង» ជូនដល់រដ្ឋបាលរាជធានី-ខេត្តទាំង២៥ ក៏ដូចជាអង្គភាពពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន និងមន្ត្រីជំនាញនៃរដ្ឋបាលរាជធានី-ខេត្ត សរុបប្រមាណជាង ២០០នាក់ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការប្រើប្រាស់មុខងាររៀបចំផែនការថវិកា និងការអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង សម្រាប់រដ្ឋបាលរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធនាពេលនេះ គឺ៖
ទី១- ការអភិវឌ្ឍរាជធានី-ខេត្តចាប់ផ្ដើមពីការងាររដ្ឋបាលមានវិន័យ ហើយ FMIS ជាឧបករណ៍ដ៏សំខាន់មួយក្នុងការរួមចំណែកធ្វើឱ្យការងារនេះសម្រេចបាន នៅពេលនោះប្រជាពលរដ្ឋនឹងកាន់តែមានជំនឿទុកចិត្តមកលើរដ្ឋបាលរាជធានី-ខេត្ត ព្រោះនៅពេលអនុវត្តថវិកាបានត្រឹមត្រូវចំគោលដៅ នោះជីវភាពរបស់ប្រជាពលរដ្ឋក៏កាន់តែប្រសើរឡើងជាលំដាប់ ដោយសារគុណភាពនៃសេវាសាធារណៈបានកាន់តែប្រសើរឡើង រីឯការវិនិយោគ និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន កាន់តែចំគោលដៅ។

ទី២- ការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់នៃការអនុវត្តការងារបែបបុរាណមកជាការបង្កើន និងពង្រឹងភាពជាម្ចាស់ប្រព័ន្ធ តាមរយៈការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេរបស់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញថ្នាក់ក្រោមជាតិ ដែលនេះសបញ្ជាក់ថា ជាការចូលរួមចំណែកនៃការផ្លាស់ប្តូរបែបបទការងារ (ប្រពៃណី) មកជាបែបបទទំនើបកម្មដើម្បីធានាថា គោលដៅចុងក្រោយពិតអាចឈានទៅសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលនឹងឆ្លុះបញ្ចាំងអំពីអភិបាលកិច្ចល្អ និងគាំទ្រដល់សេវាសាធារណៈជូនប្រជាជនមូលដ្ឋានយ៉ាងរហ័ស។
ទី៣- ការអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង ដែលនឹងចាប់ផ្ដើមអនុវត្តជាផ្លូវការនៅដើមឆ្នាំ២០២៧ សម្រាប់រដ្ឋបាលរាជធានី-ខេត្ត គឺសំដៅដល់ប្រតិបត្តិការហិរញ្ញវត្ថុពេលលេញ គ្រប់ជ្រុងជ្រោយ ពោលគឺការកាត់បន្ថយកិច្ចការជាក្រដាសស្នាម (ក្រៅប្រព័ន្ធ) ដែលមានលក្ខណៈស្ទួនគ្នា និងគ្មានតម្លៃបន្ថែម ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ ការកែទម្រង់រដ្ឋបាលសាធារណៈផង ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផង និងការកែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិផង។


ឯកឧត្តមបានសង្កត់ធ្ងន់ថា FMIS មានតួនាទីសំខាន់ក្នុងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ពុំមែនផ្ដោតតែទៅលើការកត់ត្រាព័ត៌មានតែប៉ុណ្ណោះនោះទេ ប៉ុន្តែជាប្រតិបត្តិការហិរញ្ញវត្ថុដែលផ្តោតលើលទ្ធផល និងសមិទ្ធកម្ម ព្រមទាំងធានាបាននូវការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ហើយក៏ជាប្រព័ន្ធគ្រប់គ្រង និងអនុវត្តថវិកាដ៏មានប្រសិទ្ធភាព ដែលអាចតាមដានប្រតិបត្តិការហិរញ្ញវត្ថុ ចាប់ពីការរៀបចំគ្រោងផែនការថវិការហូតដល់ការទូទាត់ចំណាយថវិកាទាំងស្រុង។
ជាងនេះទៅទៀត ឯកឧត្តមបានគូសរំលេចបន្ថែមថា ជាលទ្ធផលតាមដាន និងវាយតម្លៃ តាមរយៈការអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង ពិតជាបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពស្មុគស្មាញនៃដំណើរការការងារ ដោយបានកាត់បន្ថយការប្រើប្រាស់ឯកសារក្រដាសស្នាម និងការទូទាត់ជូនអ្នកផ្គត់ផ្គង់ ឬអ្នកទទួលផល មកនៅត្រឹមតែ ៩ថ្ងៃប៉ុណ្ណោះជាមធ្យមនៅឆ្នាំ២០២៥ ដោយរាប់ចាប់ពីការស្នើសុំទូទាត់ចំណាយរហូតដល់ការទូទាត់ចំណាយ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវបន្តពង្រឹងភាពជាម្ចាស់ សមត្ថភាព និងការយល់ដឹង ជូនបុគ្គលិកមន្រ្តីរាជការទទួលបន្ទុក តាមរយៈការចាត់មន្រ្តីទទួលបន្ទុកឱ្យចូលរួមវគ្គបណ្តុះបណ្តាល ផ្តល់កិច្ចសហការក្នុងការផ្តល់ធាតុចូល និងរួមគ្នាអនុវត្តការងារក្នុងស្មារតី “ឧត្តមនិយម” នៃផលប្រយោជន៍ជាតិ ព្រមទាំងជំរុញការដាក់ឱ្យប្រើប្រាស់ FMIS ទទួលបានជោគជ័យតាមផែនការក្នុងគោលដៅចូលរួមចំណែកធានាឱ្យបាននូវការប្រើប្រាស់ FMIS ប្រកបដោយប្រសិទ្ធភាពខ្ពស់នាដើមឆ្នាំ២០២៧ ខាងមុខនេះ៕
ដោយ៖ ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)





