កម្ពុជា-ចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវនាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារចិន
AKP ភ្នំពេញ ថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២៦ -- នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយចិន នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។
ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិននេះ រួមមានដូចជា៖ ១. អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័កដំណាំ និងបសុសត្វ និងការនាំចេញ-នាំចូលចំណីអាហារដែលមានសុវត្ថិភាព និង ២. ពិធីសារ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែខ្នុរស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចរចាបើកទីផ្សារអន្តរជាតិ និងកសាងទំនុកចិត្តលើគុណភាពកសិផលខ្មែរ។ ពិធីសារភូតគាមអនាម័យ (SPS) នេះ បានកំណត់យ៉ាងច្បាស់នូវលក្ខខណ្ឌបច្ចេកទេស ចាប់តាំងពីដំណាក់កាលថែទាំ ប្រមូលផល សម្អាត កែច្នៃ វេចខ្ចប់ រហូតដល់ការដឹកជញ្ជូន។ គោលដៅចម្បង គឺដើម្បីធានាថា គ្រប់កសិផលដែលនាំចេញគ្មានផ្ទុកមេរោគ សារធាតុគីមី សត្វល្អិតចង្រៃ ឬជំងឺឆ្លង ដែលអាចបង្កហានិភ័យដល់សុខភាពមនុស្ស សត្វ និងដំណាំឡើយ។

គួរបញ្ជាក់ថា ដើម្បីធានាបាននូវការនាំចេញដោយជោគជ័យ និងរក្សាបាននូវកេរ្តិ៍ឈ្មោះកសិផលកម្ពុជា ក្រសួងសូមអំពាវនាវដល់អ្នកផលិត និងអ្នកនាំចេញទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យបានល្អ និងអនុវត្តតាមស្តង់ដារអនាម័យ ព្រមទាំងតម្រូវការភូតគាមអនាម័យរបស់ប្រទេសចិនឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។
ក្រសួងកសិកម្មបានអបអរសាទរដល់ប្រជាកសិករ និងវិស័យឯកជនកម្ពុជាទាំងអស់ សម្រាប់ជំហានដ៏មានសារៈសំខានមួយនេះ៕

ដោយ៖ មករា





