ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយការងារជួសជុល និងស្តារឡើងវិញប្រឡាយ៦១
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ — ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារជួសជុល និងស្តារឡើងវិញប្រឡាយ៦១ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាស្រុកកណ្តាលស្ទឹង។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងអាជ្ញាធរដែនដី មេឃុំ និងមេភូមិដែលពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងការស្តារឡើងវិញប្រឡាយ៦១ គឺសំដៅឆ្លើយតបដ៏ចាំបាច់ទៅនឹងតម្រូវការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងពីរ និងតំបន់ពាក់ព័ន្ធជុំវិញ។ ឯកឧត្តមបន្ថែមថា ប្រព័ន្ធប្រឡាយនេះមិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹក ការស្ទាក់ទឹក និងការរក្សាទុកទឹកសម្រាប់ប្រើប្រាស់ជាលក្ខណៈពហុបំណងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបញ្ចៀសការជន់លិចពីរាជធានីភ្នំពេញ និងខេត្តទាំងពីរនៅក្នុងរដូវវស្សាទៀតផង៕


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





