ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរឃោសនាការខេត្តយូណាន ពិភាក្សាអំពីការជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់ស្តីពីការលើកកម្ពស់ វិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីរវាងក្រសួងព័ត៌មានកម្ពុជា និងមន្ទីរ ឃោសនាការខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការជំរុញការអនុវត្តអនុស្សរណៈនៃការ យោគយល់ដើម្បីលើកកម្ពស់វិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរវាងភាគីទាំងពីរ តាមរយៈគម្រោងសំណើ របស់ក្រសួងព័ត៌មានកម្ពុជា។ កិច្ចប្រជុំនេះ មានការចូលរួមពី លោកជំទាវ ជើង យៀន សមាជិកអចិន្ត្រៃយ៍ និងជាប្រធានមន្ទីរឃោសនាការ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តយូណាន ថ្នាក់ដឹកនាំនៃមន្ទីរ ឃោសនាការខេត្តយូណាន ព្រមទាំងសមាជិក សមាជិកាគណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ប្រាក់ ថាវអមិដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរ ឃោសនាការខេត្តយូណាន ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ ការគាំទ្រ និងកិច្ចសហការល្អជាមួយ ក្រសួងព័ត៌មានកម្ពុជា នាពេលកន្លងមក ជាពិសេសក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ការផ្លាស់ ប្តូរព័ត៌មាន ការផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍ និងការជំរុញការយល់ដឹងទៅវិញទៅមករវាងប្រជាជននៃ ប្រទេសទាំងពីរ។ ក្នុងបរិបទនេះ កិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងខេត្តយូណាន គឺជា ផ្នែកមួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយការយល់ដឹង ការជឿទុកចិត្ត ការគាំទ្រពីសាធារណជន និងការបង្ហាញ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានបន្តថា កាលពីខែធ្នូ ឆ្នាំ២០២៤ ក្រសួងព័ត៌មានកម្ពុជា និងមន្ទីរឃោសនាការខេត្តយូណាន បានចុះអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ច សហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ អនុស្សរណៈនេះ មានគោលបំណងជំរុញការ ផ្សព្វផ្សាយព័ត៌មានរវាងប្រទេសកម្ពុជា-ចិន ជាពិសេសខេត្តយូណាន ឱ្យបានទាន់ពេលវេលា ប្រកបដោយ គុណភាព ក៏ដូចជាការកសាងសមត្ថភាពធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធ និងការគាំទ្រកិច្ច សហប្រតិបត្តិការរវាងអង្គភាពបច្ចេកទេសក្រោមឱវាទរបស់ភាគីទាំងពីរ។

ដើម្បីប្រែក្លាយអនុស្សរណៈនេះ ពីឯកសារជាគោលការណ៍ទៅជាការអនុវត្តសកម្មភាពជាក់ស្តែង ក្រសួងព័ត៌មានកម្ពុជា បានរៀបចំគម្រោងសំណើមួយដាក់ជូនភាគីយូណានពិនិត្យ និងពិភាក្សា។ គម្រោង នេះ ត្រូវបានចាត់ទុកជាផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តអនុស្សរណៈឱ្យទទួលបានលទ្ធផលពិតប្រាកដ អាចវាស់វែងបាន និងដើម្បីជាប្រយោជន៍រួមដល់ប្រជាជននៃភាគីទាំងពីរ។
គម្រោងសំណើរបស់ក្រសួងព័ត៌មានកម្ពុជា ផ្តោតលើសមាសភាគសំខាន់ៗចំនួន៤ រួមមាន៖ ទី១ ការផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន អ្នកគ្រប់គ្រង និងអ្នកបច្ចេកទេសនៃភាគីទាំងពីរ បានសិក្សាផ្លាស់ប្តូរបទពិសោធ និងបង្កើតទំនាក់ទំនង ការងារជាក់លាក់។ ទី២ ការបណ្តុះបណ្តាលអ្នកសារព័ត៌មាន អ្នកផលិតកម្មវិធី និងមន្ត្រីបច្ចេកទេស ជា ពិសេសលើការផលិតមាតិកាទំនើប ការផ្សព្វផ្សាយពហុវេទិកា ការផ្ទៀងផ្ទាត់ព័ត៌មាន និងការឆ្លើយតប ព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេល។ ទី៣ ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ជាពិសេសការធ្វើទំនើបកម្ម ម៉ាស៊ីនផ្សាយអា-អឹមរបស់វិទ្យុជាតិកម្ពុជា។ និង ទី៤ ការផលិត និងផ្លាស់ប្តូរមាតិកាព័ត៌មាន និងកម្មវិធីផ្សព្វ ផ្សាយរួម ដើម្បីផ្សព្វផ្សាយអំពីមិត្តភាពកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការកម្ពុជា-យូណាន សក្តានុពល សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងសមិទ្ធផលអភិវឌ្ឍន៍របស់ភាគីទាំងពីរ។
ក្នុងចំណោមសមាសភាគទាំងនេះ ក្រសួងព័ត៌មានកម្ពុជា បានផ្តោតសំខាន់លើការធ្វើទំនើបកម្ម ប្រព័ន្ធផ្សាយអា-អឹមរបស់វិទ្យុជាតិកម្ពុជា។ ឯកឧត្តម ប្រាក់ ថាវអមិដា បានលើកឡើងថា វិទ្យុជាតិកម្ពុជា គឺជា បណ្តាញផ្សព្វផ្សាយសាធារណៈដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ព័ត៌មានផ្លូវការ ការអប់រំសាធារណៈ ការផ្សព្វផ្សាយអំពីវប្បធម៌ជាតិ ការបញ្ជូនសារសំខាន់ៗរបស់រាជរដ្ឋាភិបាល និងការបម្រើប្រជាពលរដ្ឋទូទាំង ប្រទេស។


ឯកឧត្តមបានបញ្ជាក់ថា ទោះបីបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ប្រព័ន្ធ ផ្សាយអា-អឹមនៅតែមានតួនាទីសំខាន់សម្រាប់តំបន់ជនបទ តំបន់ឆ្ងាយ តំបន់ព្រំដែន និងស្ថានភាពបន្ទាន់ ដូចជា គ្រោះមហន្តរាយធម្មជាតិ វិបត្តិសង្គម ឬការផ្សព្វផ្សាយសារបន្ទាន់របស់រាជរដ្ឋាភិបាល។ ដូច្នេះ ការធ្វើទំនើបកម្មប្រព័ន្ធនេះ មិនត្រឹមតែជាការកែលម្អបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាការពង្រឹងសមត្ថភាព ផ្សព្វផ្សាយសាធារណៈរបស់រដ្ឋ ការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងការពង្រឹងភាពធន់នៃប្រព័ន្ធ ព័ត៌មានជាតិ។
ក្នុងន័យនេះ ក្រសួងព័ត៌មានកម្ពុជា បានស្នើឱ្យភាគីយូណានពិនិត្យលទ្ធភាពគាំទ្រលើការបញ្ជូន ក្រុមជំនាញបច្ចេកទេសមកវាយតម្លៃប្រព័ន្ធអា-អឹមរបស់វិទ្យុជាតិកម្ពុជា ការផ្តល់ជំនួយបច្ចេកទេស និង អនុសាសន៍លើការរចនាប្រព័ន្ធផ្សាយ ការពិនិត្យលទ្ធភាពផ្គត់ផ្គង់ម៉ាស៊ីនផ្សាយអា-អឹម និងឧបករណ៍ ពាក់ព័ន្ធ ព្រមទាំងការបណ្តុះបណ្តាលវិស្វករ និងមន្ត្រីបច្ចេកទេសនៅកម្ពុជា ឬនៅខេត្តយូណាន។
ជាមួយគ្នានេះ ក្រសួងព័ត៌មានកម្ពុជា ក៏បានស្នើឱ្យភាគីចិនបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការ ផ្លាស់ប្តូរមាតិកាវិទ្យុ កម្មវិធីវប្បធម៌ ការផលិតកម្មវិធីរួមគ្នា ការផ្សព្វផ្សាយសមិទ្ធផលកម្ពុជា-ចិន ការបណ្តុះ បណ្តាល និងពង្រឹងសមត្ថភាពលើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការបង្កើតឧបករណ៍បច្ចេកវិទ្យា រួមសម្រាប់ការផ្ទៀងផ្ទាត់ និងតាមដានព័ត៌មានក្លែងក្លាយ។


ជាការឆ្លើយតប លោកជំទាវ ជើង យៀន បានសម្តែងការគាំទ្រចំពោះគម្រោងសំណើរបស់ក្រសួង ព័ត៌មានកម្ពុជា និងបានវាយតម្លៃថា សំណើនេះមានទិសដៅច្បាស់លាស់ ស្របតាមស្មារតី និងគោលបំណង នៃអនុស្សរណៈនៃការយោគយល់ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ២០២៤។ លោកជំទាវ បាន បញ្ជាក់ពីការត្រៀមខ្លួនរបស់ភាគីយូណានក្នុងការបន្តសម្របសម្រួល និងពិនិត្យលទ្ធភាពគាំទ្រសកម្មភាព សហប្រតិបត្តិការដែលអាចអនុវត្តបានជាក់ស្តែង និងឆ្លើយតបនឹងតម្រូវការរបស់ក្រសួងព័ត៌មានកម្ពុជា។
លោកជំទាវ ដឹង យៀន ក៏បានជំរុញឱ្យអង្គភាពជំនាញពាក់ព័ន្ធនៃភាគីទាំងពីរ បន្តពិភាក្សាលម្អិត ដើម្បីកំណត់សកម្មភាពអាទិភាព រៀបចំផែនការអនុវត្ត និងកាលវិភាគឱ្យបានច្បាស់លាស់ ដើម្បីធានាថា អនុស្សរណៈនៃការយោគយល់នេះ មិនមែនត្រឹមតែជាឯកសារក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានប្រែក្លាយទៅជាកម្មវិធី គម្រោង និងសកម្មភាពជាក់ស្តែង ដែលផ្តល់លទ្ធផលប្រកបដោយ ប្រសិទ្ធភាព និងផលប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីទាំងពីរ។


តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងអាចកំណត់ទិសដៅអនុវត្តជាក់ស្តែង ដើម្បីប្រែក្លាយអនុស្សរណៈ នៃការយោគយល់ដែលបានចុះហត្ថលេខាកាលពីខែធ្នូ ឆ្នាំ២០២៤ ទៅជាការអនុវត្តជាក់ស្តែង និងទទួល បានលទ្ធផលពិតប្រាកដ។ លទ្ធផលទាំងនេះ នឹងរួមចំណែកដល់ការកែលម្អគុណភាព និងស្ថិរភាពនៃការ ផ្សាយរបស់វិទ្យុជាតិកម្ពុជា ការពង្រីកវិសាលភាពផ្សាយទៅកាន់តំបន់ជនបទ និងតំបន់ឆ្ងាយ ការកសាង សមត្ថភាពមន្ត្រីបច្ចេកទេស និងអ្នកសារព័ត៌មាន ការផលិតកម្មវិធីរួមរវាងកម្ពុជា-ចិន និងការពង្រឹងការយល់ ដឹងរវាងប្រជាជននៃភាគីទាំងពីរ។ ភាគីទាំងពីរ បានបង្ហាញពីការប្តេជ្ញារួមគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន លើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ឱ្យកាន់តែមានភាពជាក់ស្តែង ប្រសិទ្ធភាព និងឆ្លើយតប នឹងតម្រូវការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយសាធារណៈក្នុងយុគសម័យឌីជីថល៕
ដោយ៖ គង់ សិរីរ័ត្ន





