អភិបាលស្រុកប្រាសាទសំបូរបានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះនិវត្តជនដែលជាអតីតមន្ត្រីរាជការស្រុក
AKP កំពង់ធំ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦-- លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះនិវត្តន៍ជន ដែលជាអតីតមន្ត្រីរាជការស្រុកក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយអតីតមន្ត្រីរាជការស្រុកប្រាសាទសំបូរ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអធិការនគរបាល លោកមេបញ្ជាការកងរាជអាវុធហត្ថ លោកមេបញ្ជាការតំបន់សឹករងស្រុក មន្ត្រីរាជការ និងអតីតមន្ត្រីរាជការចូលនិវត្តន៍សរុបប្រមាណ៨០នាក់។

ក្នុងឱកាសនោះ លោក ឃីម សុខឃាង បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអតីតមន្ត្រីរាជការ ក៏ដូចជាអតីតបុគ្គលិកអប់រំទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីនិងពេលវេលាស្ទើរពេញមួយជីវិត ក្នុងការបម្រើសេវាសាធារណៈ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលដ្ឋានស្រុកប្រាសាទសំបូរ នាពេលកន្លងមក។

លោកអភិបាលស្រុកបានលើកឡើងថា ទោះបីជាបច្ចុប្បន្នលោកបានចូលនិវត្តន៍ពីការងារក៏ពិតមែន ប៉ុន្តែស្នាដៃ គុណបំណាច់ និងបទពិសោធន៍ដ៏សម្បូរបែបដែលលោកបានបន្សល់ទុក គឺជាគ្រឹះដ៏រឹងមាំ និងជាគំរូដ៏ល្អសម្រាប់មន្ត្រីជំនាន់ក្រោយក្នុងការបន្តវេនដឹកនាំ និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។
រដ្ឋបាលស្រុកតែងតែចងចាំ និងមិនបោះបង់និវត្តជនចោលឡើយ ព្រោះការរីកចម្រើនរបស់ស្រុកប្រាសាទសំបូរនៅថ្ងៃនេះ គឺពិតជាមានចំណែកមិនអាចខ្វះបានពីការលះបង់របស់លោកអ៊ុ ពូ មីងទាំងអស់គ្នានោះទេ។

ក្នុងឱកាសនោះ ដើម្បីជាការលើកទឹកចិត្ត និងតបស្នងសងគុណចំពោះគុណូបការៈដ៏ធំធេង លោក ឃីម សុខឃាង ក៏បាននាំយកនូវថវិកាឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ជីវ កេង និងលោកជំទាវ ជូនដល់លោកអ៊ុ ពូ មីងជានិវត្តន៍ជនដែលបានចូលរួមក្នុងម្នាក់ៗថវិកាចំនួន ៥ម៉ឺនរៀលព្រមទាំងបានប្រសិទ្ធពរជ័យបវរមហាប្រសើរជូនដល់និវត្តជនទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ ដើម្បីបន្តរស់នៅជាម្លប់ដ៏ត្រជាក់ត្រជុំ ជាទីប្រឹក្សា និងជាគំរូដ៏ល្អសម្រាប់កូនចៅ និងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើននិងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ស៊ុម វណ្ណា





