រដ្ឋបាលស្រុកសូទ្រនិគម និងព្រះសង្ឃ រួមជាមួយពុទ្ធបរិស័ទ បាននាំយកស្បៀងអាហារឧបត្ថម្ភដល់កងទ័ពជួរមុខ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ
AKP សៀមរាប ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦--ក្នុងស្មារតីសាមគ្គីជាតិខ្មែរតែមួយ និងដើម្បីចូលរួមលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ព្រះតេជៈគុណ សង្ឃបាលិតោ លន់ សំប៊ី ព្រះសុមហ៍អនុគណស្រុកសូទ្រនិគម ចៅអធិការវត្តមុនធ្យាន នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើនមុខរួមជាមួយថវិកា ដែលបានមកពីរដ្ឋបាលស្រុកសូទ្រនិគម និងពុទ្ធបរិស័ទ ទៅជូនដល់កងទ័ពនៅជួរមុខដែលឈរជើងការពារព្រំដែន ក្នុងភូមិសាស្ត្រនៃខេត្តឧត្តរមានជ័យ។ ដោយមានការនិមន្តចូលរួមពីព្រះមន្រ្តីសង្ឃស្រុក និងព្រះសង្ឃក្នុងក្រុងសៀមរាប និងពុទ្ធបរិស័ទជាច្រើនរូបទៀត។

ព្រះតេជៈគុណ លន់ សំប៊ី បានមានសង្ឃដីកាថា សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ ធ្វើឡើងក្រោមទឹកចិត្ត «សមរភូមិក្រោយ ជួយសមរភូមិមុខ» ដើម្បីជួយសម្រាលការលំបាក និងជាការដឹងគុណចំពោះវីរភាពរបស់កងទ័ពដែលបានលះបង់កម្លាំងកាយចិត្ត ហាលខ្យល់ហាលភ្លៀង យាមល្បាតការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។

ព្រះតេជគុណបានបន្តថា «ទោះបីព្រះសង្ឃគង់នៅវត្តអារាមក្នុងសមរភូមិក្រោយ ពិតមែន ប៉ុន្តែបេះដូង និងស្មារតីរបស់ព្រះសង្ឃ និងញាតិញោមពុទ្ធបរិស័ទ គឺតែងតែនៅជាប់ជាមួយបងប្អូនកងទ័ពជួរមុខជានិច្ច។ ការនាំយកទេយ្យទាន និងស្បៀងអាហារមកនាពេលនេះ គឺដើម្បីបង្ហាញថា កងទ័ពមិននៅឯកោឡើយ មាតុភូមិទាំងមូលនៅពីក្រោយខ្នងបងប្អូនជានិច្ច»។

លោកស្រី ហេង ប៊ុនវុទ្ធី នាយករងរដ្ឋបាលស្រុកសូទ្រនិគម បានថ្លែងអំណរគុណដល់កងទ័ពដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ និងបង្ហាញឱ្យឃើញពីការលះបង់ កម្លាំងកាយ ចិត្ត និងស្មារតីរបស់វីរកងទ័ព ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់។

លោកស្រីបន្តថា សាមគ្គីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រផ្នែកស្មារតីយ៉ាងរឹងមាំពីសំណាក់អាជ្ញាធរមូលដ្ឋាន ផ្ញើជូនទៅដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី។
តំណាងកងទ័ពបានសម្តែងនូវសេចក្តីត្រេកអរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទខេត្តសៀមរាប។ ទឹកចិត្ត និងសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ មិនត្រឹមតែជាការជួយឧបត្ថម្ភផ្នែកស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ឱសថផ្លូវចិត្ត» ដ៏មានឥទ្ធិពលបំផុត ដែលធ្វើឱ្យកងទ័ពកាន់តែមានកម្លាំងចិត្ត និងស្មារតីរឹងមាំក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ។

ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវប្បធម៌នៃការចែករំលែក ខ្មែរស្រឡាញ់ខ្មែរ និងសាមគ្គីភាពជាតិដ៏រឹងមាំរបស់ប្រជាជាតិខ្មែរ ដែលមិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ពុទ្ធចក្រ និងអាណាចក្រ តែងតែដើរទន្ទឹមគ្នា និងគាំទ្រគ្នាទៅវិញទៅមកដើម្បីបុព្វហេតុជាតិមាតុភូមិតែមួយ៕
ដោយ ឃុត សៅ





