យោធាកម្ពុជា-សិង្ហបុរី បញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
យោធាកម្ពុជា និងសិង្ហបុរី បានបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សិង្ហបុរី ឱ្យកាន់តែស៊ីជម្រៅ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច ការចែករំលែកព័ត៌មានសន្តិសុខ និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការធ្វើលំហាត់សមយុទ្ធរួមគ្នា។ ការគូសបញ្ជាក់របស់ភាគីទាំងពីរបែបនេះ ក្នុងខណៈដែលឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី Frederick Choo អគ្គលេខាធិការរងទទួលបន្ទុកនយោបាយ នៃក្រសួងការពារជាតិសិង្ហបុរី នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចនៅ កម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម Frederick Choo បានលើកឡើងថា សិង្ហបុរីនឹងធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៧ ក្នុងនោះ សិង្ហបុរី ក៏នឹងមានរៀបចំកិច្ចប្រជុំការពារជាតិ និងកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ាន ព្រមទាំងការបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ផងដែរ។

ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអះអាងថា កម្ពុជាបន្តប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយមិនទទួលយកការប្រើប្រាស់កម្លាំងដើម្បីកែប្រែព្រំដែនឡើយ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់សិង្ហបុរី ដែលបានគាំទ្របទឈប់បាញ់ និងបញ្ជូននាយទាហានមកចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងស្នើឱ្យបន្តគាំទ្របេសកកម្មនេះ ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងការស្ដារសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ជាការឆ្លើយតប ឯកឧត្តម Frederick Choo បានវាយតម្លៃខ្ពស់ចំពោះការអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ឯកឧត្ដមបានគូសបញ្ជាក់ថា សិង្ហបុរី នឹងបន្តដើរតួនាទីយ៉ាងសកម្មក្នុងបេសកកម្ម AOT ដើម្បីជំរុញតម្លាភាព សន្តិភាព និងភាពសុខដុមរមនាក្នុងតំបន់៕
ដោយ៖ រិទ្ធី, ប្រភព៖ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ





