លោក ឡុង ឌីម៉ង់ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំង ដើម្បីចុះបញ្ជីជាគម្រោង QIP ចំនួន២ នៅស្រុកព្រៃនប់
AKP ព្រះសីហនុ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦-- លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិ យោគបង្កើតរោងចក្រផលិតក្តារបន្ទះ និងរោងចក្រផលិតចំណីសត្វដែល មានទីតាំងនៅក្នុងឃុំសាមគ្គី និងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

លោកអភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់ថា ក្នុងនាមជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត លោក និងមន្ត្រីបានស្វែងយល់លម្អិត និងដោះស្រាយបញ្ហាប្រឈមដែលអ្នកវិនិយោគិនបានជួបប្រទះ និងបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធនានា ខិតខំធ្វើយ៉ាងណាបង្កលក្ខណៈសម្បត្តិងាយស្រួល ជាពិសេសជួយសម្របសម្រួលដល់អ្នកវិនិយោគ ដោយរក្សាទំនាក់ទំនងល្អ និងការជួយដោះស្រាយសម្របសម្រួលនីតិវិធី និងផ្តល់ការប្រឹក្សាជាប្រចាំដល់វិនិយោគិន។

ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្តក៏ការជំរុញឱ្យក្រុមហ៊ុនទាំង២ ព្យាយាមឱ្យអស់ពីលទ្ធភាពក្នុងការជួយអូសទាញវិនិយោគិនដទៃទៀតឱ្យងាកមកបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ។

លោកអភិបាលរងក៏បានសំណូមពរឱ្យក្រុមហ៊ុនដូចជា៖ ផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រូវភ្ជាប់សេវា ប.ស.ស. ជូនដល់បុគ្គលិក និងកម្មករឱ្យបានត្រឹមត្រូវ។ ត្រូវគិតគួរចំពោះបញ្ហាអនាម័យ បរិស្ថាន និងសង្គមដែលអាចមានកើតឡើង។ ត្រូវមានផែនការការពារ និងសង្គ្រោះ ក្នុងករណីមានឧបទ្ទវហេតុណាមួយកើតឡើង។ រៀបចំអគារឱ្យមានខ្យល់ចេញចូលឪ្យបានល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីផ្តល់ផាសុកភាពដល់បុគ្គលិក និងកម្មករនៅទីតាំងរោងចក្រ។ រដ្ឋបាលខេត្តនឹងជួយសម្របសម្រួលដោះស្រាយជូនអ្នកវិនិយោគ ប្រកបដោយតម្លាភាព៕

ដោយ ងូ សុមុនី





