អភិបាលស្រុកស្ទោងអំពាវនាវឱ្យមានការបែងចែកទឹកពីអាង៣០កញ្ញាឱ្យចំគោលដៅ ខណៈកង្វះទឹកភ្លៀងកំពុងគំរាមកំហែងដល់ស្រែស្រូវពលរដ្ឋព្រោះភ្លៀងមិនគ្រប់គ្រាន់
AKP កំពង់ធំ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកង្វះទឹកភ្លៀង ដែលកំពុងបង្កផលប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ ព្រមទាំងបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ និងកសិករឱ្យរួមគ្នាគ្រប់គ្រង និងបែងចែកទឹកពីអាងស្តុកទឹក ៣០ កញ្ញាឱ្យបានត្រឹមត្រូវ និងចំគោលដៅ។ លោកអភិបាលស្រុកបានអំពាវនាវដូចនេះក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពអាងទឹក៣០កញ្ញាសារជាថ្មីទៀតដើម្បីនាំទឹកស្រោចស្រែស្រូវប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

លោកអភិបាលស្រុកបានឱ្យដឹងថា របបទឹកភ្លៀងនាពេលបច្ចុប្បន្នមានការធ្លាក់ចុះមិនគ្រប់គ្រាន់ទៅតាមតម្រូវការនោះឡើយ ដែលកត្តានេះបាននិងកំពុងបង្កឱ្យមានការប៉ះពាល់ដល់ផ្ទៃដីស្រែស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ប្រសិនបើគ្មានការអន្តរាគមន៍ឬការគ្រប់គ្រងទឹកឱ្យបានទាន់ពេលវេលានោះទេ ផលដំណាំស្រូវរបស់ពលរដ្ឋអាចនឹងប្រឈមការខូចខាតកាន់តែខ្លាំង។

ជាមួយគ្នានេះដែរ លោកអភិបាលស្រុកបានអំពាវនាវយ៉ាងទទូចឱ្យមានការគ្រប់គ្រងការសហការគ្នាយ៉ាងជិតស្និទ្ធនិងបែងចែកការបង្ហូរទឹកចេញពី «អាងស្តុកទឹក ៣០ កញ្ញា» ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ធានាសមធម៌នៃការប្រើប្រាស់។ការបែងចែកទឹកត្រូវតែធ្វើឡើងដោយតម្លាភាព និងចំគោលដៅ ធ្វើយ៉ាងណាឱ្យទឹកហូរទៅដល់ស្រែស្រូវដែលកំពុងត្រូវការចាំបាច់បំផុត ដោយចៀសវាងការខ្ជះខ្ជាយទឹក ឬការដណ្តើមទឹកគ្នា និងបានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់និងមានការប្រុងប្រយ័ត្នខ្ពស់។ត្រូវចូលរួមថែរក្សានិងការពារប្រភពទឹក និងប្រឡាយទឹកក្នុងសហគមន៍របស់ខ្លួន។ ត្រូវត្រួតពិនិត្យ និងទប់ស្កាត់រាល់ការលេចធ្លាយឬហូរចោលដោយឥតប្រយោជន៍ និងប្រើប្រាស់ទឹកដោយការសន្សំសំចៃនិងយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកក្នុងគ្រាជួបការលំបាកនេះ។ ត្រូវបន្តតាមដានស្ថានភាពការងារបង្ករបង្កើតផលរបស់ប្រជាពលរដ្ឋនិងការផ្គត់ផ្គង់ទឹកនេះធ្វើយ៉ាងណាយកចិត្តទុកដាក់បំផុត ដើម្បីធានាជួយសង្គ្រោះស្រែស្រូវរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងកាត់បន្ថយការខូចខាតឱ្យនៅកម្រិតទាបបំផុត៕

ដោយ ស៊ុម វណ្ណា





