ស្ថានភាពទឹកបានស្រកចុះច្រើន និងប្រជាពលរដ្ឋអាចធ្វើដំណើរបានពីភូមិតាំងបំពង់ ទៅដល់ជើងភ្នំខ្នងផ្សារ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦-- បន្ទាប់ពីមានការធ្លាក់ភ្លៀងរាយប៉ាយ និងការជម្លៀសភ្ញៀវទេសចរទៅកាន់ទីតាំងមានសុវត្ថិភាព មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បន្តសហការជាមួយអាជញាធរមូលដ្ឋាននិង គណៈកម្មាករសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង បានសម្របសម្រួលការធ្វើដំណើរ ដឹកជញ្ជូនឆ្លងកាត់ពី តំបន់ជើងភ្នំ ឆ្ពោះទៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រសួងបរិស្ថានបានឱ្យដឹងថា គិតត្រឹមម៉ោង១១ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ស្ថានភាពទឹកភ្លៀងនៅតំបន់ភ្នំខ្នងផ្សារ បានថមថយ និងអាចបង្កលក្ខណៈជូនដល់ការធ្វើដំណើរដោយរថយន្ត ដែលជាប់គាំងនៅក្នុងរយៈពេលកន្លងមកចំនួន១គ្រឿង អាចឆ្លងមកកាន់តំបន់លំនៅដ្ឋាននៅភូមិតាំងបំពង់បាន និងអ្នកភូមិអាចធ្វើដំណើរឆ្លងកាត់ផ្លូវដោយម៉ូតូបានដោយកន្លែង ផងដែរ។ សូមបញ្ជាក់រហូតមកទល់ពេលនេះ អ្នកទេសចរណ៍ចំនួន៥៥១ នាក់បានជម្លៀសនិងបាននាំមកទីទួសុវត្ថិភាពនិងបានត្រឡប់ទៅកាន់មូលដ្ឋានវិញ។ នៅមានរថយន្តចំនួន៣គ្រឿង កំពុងស្ថិតនៅដំណាក់ដំរី ទីតាំងជើងភ្នំខ្នងផ្សារនៅឡើយ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តរំលឹក និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីឧទ្យានុរក្ស និងមន្ត្រីជំនាញឱ្យបន្តចុះល្បាត សម្របសម្រួល និងតាមដានស្ថានភាពទឹកភ្លៀង យ៉ាងយកចិត្តទុកដាក់បំផុត នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ដើម្បីធានាសុវត្ថិភាព ទាំងស្រុងជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕
ដោយ៖ មករា





