ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ផ្តល់អនុសាសន៍ដល់រដ្ឋបាលក្រុងបូកគោ ដើម្បីបង្កើនប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦-- ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយ ឯកឧត្តម ឈួន ឆាម នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយរដ្ឋបាលក្រុងបូកគោ ក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធសរុបចំនួន៦៩នាក់ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងព្រឹទ្ធ សភា និងមូលដ្ឋាន ព្រមទាំងរួមគ្នាស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយនានាលើការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបានផ្តល់ជាអនុសាសន៍ដល់រដ្ឋបាលក្រុង ដើម្បីបង្កើនប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ឈួន ឆាម បានលើកឡើងពីបញ្ហាសំខាន់ៗចំនួន៥ រួមមាន ការងារអភិវឌ្ឍន៍មូលដ្ឋានឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ ឱកាសការងារសម្រាប់ពលករត្រឡប់មកពីប្រទេសថៃ និងការដោះស្រាយបញ្ហាប្រឈមនានា។

ទន្ទឹមនឹងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុង និងសង្កាត់ ឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំគន្លឹះចំនួន៥ចំណុច៖ ១. ការពារសន្តិភាព៖ បន្តរួមគ្នាការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលសង្គមជាតិ។ ២. ដោះស្រាយបញ្ហាភ្លាមៗ៖ ម្ចាស់ការដោះស្រាយបញ្ហានៅមូលដ្ឋានភ្លាមៗ ដោយមិនទុកឱ្យបញ្ហាតូចរីករាលដាលជាធំឡើយ។ ៣. ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់៖ បង្ក្រាបរាល់បទល្មើស ចោរកម្ម គ្រឿងញៀន ល្បែងស៊ីសង និងជាពិសេសគឺបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ៤. រដ្ឋបាលដើម្បីប្រជាជន៖ ពង្រឹងរដ្ឋបាលសាធារណៈឱ្យក្លាយទៅជា «រដ្ឋបាលដោយសារប្រជាជន និងដើម្បីប្រជាជន» និង ៥.អភិវឌ្ឍន៍ប្រកបដោយចីរភាព៖ គ្រប់តួអង្គពាក់ព័ន្ធត្រូវសហការគ្នាជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព សមធម៌ និងបរិយាបន្ន។

ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់សូមបន្តជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតីក្នុងការការពារបូរណភាពទឹកដី សន្តិភាព និងការអភិវឌ្ឍ។ ជាមួយគ្នានេះ ត្រូវត្រៀមលក្ខណៈឱ្យបានល្អប្រសើរសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





