មន្ត្រីជាន់ខ្ពស់អាជ្ញាធរទន្លេសាបចុះត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្សត្រី នៅខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦-- លោក ណៅ ណាតា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស អាជ្ញាធរទន្លេសាប នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ ចុះសិក្សាស្រាវជ្រាវ តាមដានវាយតម្លៃពីបរិមាណផលចាប់ធនធានត្រី ជីវចម្រុះគ្រប់ប្រភេទ និងសិក្សាការធ្វើវារីវប្បកម្ម នៅ ភូមិព្រែកទាល់ ភូមិកំពង់ប្រហុក ភូមិអន្លង់តាអួរ និងភូមិថ្វាង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្រុមការងារដែលដឹកនាំដោយលោក ណៅ ណាតា បានចុះសិក្សាមានគោលបំណង សិក្សាតាមដានបរិមាណផលចាប់ដែលធ្វើអាជីវកម្មនៅតាមច្រកឡើងត្រីសំខាន់ៗ និងធ្វើបច្ចុប្បន្នភាពកន្លែងបែងចែកផលនេសាទ សិក្សាតាមដានបរិមាណផលចាប់ប្រចាំថ្ងៃរបស់អ្នកនេសាទទៅតាមប្រភេទឧបករណ៍នេសាទសំខាន់ៗ តាមដានលើស្ថិតិអ្នកចិញ្ចឹមត្រី សិក្សាបច្ចេកទេសនៃការចិញ្ចឹម ចរន្តទីផ្សារ និងវិភាគលើសេដ្ឋកិច្ចនៃការចិញ្ចឹម និងសិក្សាចរន្តទីផ្សារ តម្លៃទីផ្សារ ផលប៉ះពាល់ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ។ ការចុះសិក្សានេះ ក្រុមការងារបានចុះជួបជាមួយ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ សម្ភាសន៍ជាមួយអ្នកនេសាទ និងអ្នកចិញ្ចឹមត្រី និងសម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រី និងតាមដានតម្លៃទីផ្សារត្រី។

សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដានវាយតម្លៃពីបរិមាណផលចាប់ធនធានត្រី ជីវចម្រុះគ្រប់ប្រភេទ និងសិក្សាការធ្វើវារីវប្បកម្ម គឺជាសកម្មភាពក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប៕

ដោយ ណយ នឿន (ប្រភព៖ សមាគមអតីតយុទ្ធជន)





