ក្រសួងការពារជាតិក្នុងការត្រៀមលក្ខណៈអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយធម្មជាតិ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦-- អនុវត្តតាមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់ និងខ្ពង់ខ្ពស់របស់ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ ក្នុងការត្រៀមលក្ខណៈអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយធម្មជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានចាត់តាំងរៀបចំ និងពិនិត្យកម្លាំងអន្តរាគមន៍ ព្រមទាំងសម្ភារៈមធ្យោបាយសង្គ្រោះគ្រប់ប្រភេទ ឱ្យស្ថិតក្នុងស្ថានភាពត្រៀមខ្លួន ១០០% ជានិច្ច ដើម្បីឆ្លើយតប និងសង្គ្រោះបន្ទាន់ ក្នុងករណីមានគ្រោះមហន្តរាយទឹកជំនន់កើតឡើងជាយថាហេតុ តាមបណ្តាខេត្តនានា។

នៅក្នុងការត្រៀមលក្ខណៈនេះ អង្គភាពបានរៀបចំយ៉ាងហ្មត់ចត់នូវកម្លាំងអន្តរាគមន៍ នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានស្មារតីមុតមាំ វិន័យខ្ពស់ និងហ្វឹកហ្វឺនជំនាញសង្គ្រោះច្បាស់លាស់ មធ្យោបាយ និងសម្ភារៈសង្គ្រោះ រថយន្តដឹកជញ្ជូនកងទ័ពធុនធ្ងន់ អូរប័រសង្គ្រោះ ម៉ាស៊ីនអូរប័រ អាវពោង និងឧបករណ៍ភស្តុភារបម្រុងចាំបាច់នានា ដែលត្រូវបានត្រួតពិនិត្យបច្ចេកទេសយ៉ាងហ្មត់ចត់ ធានាការចល័តកម្លាំងបានលឿន និងទាន់ពេលវេលា។

ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានសង្កត់ធ្ងន់ និងដាក់បទបញ្ជាដល់កម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវក្តាប់ជាប់ស្មារតីទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ និងត្រៀមលក្ខណៈចេញប្រតិបត្តិការទូទាំងប្រទេស ២៤ម៉ោង លើ២៤ម៉ោង ដោយយកសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុត ស្របតាមពាក្យស្លោក «កងទ័ពកើតចេញពីប្រជាជន ធ្វើដើម្បីប្រជាជន និងនៅក្បែរប្រជាជនគ្រប់គ្រាលំបាក»៕


ដោយ សំ សាម៉ន ប្រភព៖ កងពលតូចដឹកជញ្ជូនលេខ៩៩





