ទឹកស្ទឹងសង្កែហក់ឡើង១៣,៣០ម៉ែត្រ ជិតដល់កម្រិតប្រកាសអាសន្នដែលមានកម្ពស់ ១៣,៧០ ម៉ែត្រ
AKP បាត់ដំបង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦-- គិតត្រឹមវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថានភាពទឹកស្ទឹងសង្កែក្នុងក្រុងបាត់ដំបងបានហក់ឡើងដល់កម្ពស់១៣,៣០ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្នគឺ១៣,៧០ម៉ែត្រ។ ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង បានប្រកាសថា កម្ពស់ទឹកអាចនឹងបន្ត ឡើងរហូតដល់កម្ពស់១៣,៥០ ម៉ែត្រ ជិតដល់កម្ពស់កម្រិតដែលត្រូវប្រកាសអាសន្ន។

លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង បញ្ជាក់ថា ដោយសារមន្រ្តីជំនាញបានបើកទ្វារទឹក ទំនប់ពហុបំណង សេកសក ទំនប់ស្ទាក់ទឹកកង្ហត និងទំនប់ស្ទាក់ទឹកសាលាតាអន ដើម្បីបង្ហៀរទឹក ដែលច្រាលនៅក្នុងស្ទឹង ទម្លាក់ទៅបឹងទន្លេសាបរួចមក ធ្វើឲ្យទឹកស្ទឹងសង្កែមានការស្ទុះឡើងខ្លាំង។

លោកប្រធានមន្ទីរអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្ដោយដងស្ទឹងសង្កែនៅប៉ែកខាងក្រោម ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះកំសួលទឹក នឹងរុញច្រានខ្លាំង មុននឹងទឹកចាប់ផ្ដើមស្រកវិញ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





